(ភ្នំពេញ)៖ ក្នុងរយៈពេល១០ថ្ងៃនេះ ពោលចាប់ពីថ្ងៃទី១០ ដល់១៩ ខែមេសា ឆ្នាំ២០១៨ មានអ្នកធ្វើដំណើរតាមរថភ្លើង ពីស្ថានីយភ្នំពេញទៅ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ចំនួន១៣៦៨១នាក់។នេះបើតាម លោក លី បូរិន អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលបន្ទុកផ្នែកផ្លូវដែកនៅកម្ពុជា នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨នេះ។
លោក លី បូរិន បានឱ្យដឹងថា នៅថ្ងៃទី១០ ខែមេសា ជាថ្ងៃដាក់ឱ្យដំណើរការរត់ខ្សែរថភ្លើងដំបូងមានភ្ញៀវជិះចំនួន៥៣១នាក់, ថ្ងៃទី១១ មានចំនួន៩៧០នាក់, ថ្ងៃទី១២ មានចំនួន១១៤២នាក់, ថ្ងៃទី១៣ មានចំនួន៩១៨ក់, ថ្ងៃទី១៤ មានចំនួន១២៧៥នាក់, ថ្ងៃទី១៥ មានចំនួន១៧៨៦នាក់, ថ្ងៃទី១៦ មានចំនួន ៣១៥៤នាក់, ថ្ងៃទី១៧ មានចំនួន១៦៦៩នាក់, ថ្ងៃទី១៨ មានចំនួន១២០០នាក់ និងថ្ងៃទី១៩ មានចំនួន ១០៣៦នាក់។
សូមបញ្ជាក់ថា រថភ្លើងដឹកអ្នកដំណើរភ្នំពេញ-ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨។
រថភ្លើងដឹកអ្នកដំណើរនេះ ចំណាយពេលប្រមាណ៣០នាទី ក្នុងការដឹកជញ្ជូនអ្នកដំណើរ ពីស្ថានីយរថភ្លើងភ្នំពេញទៅព្រលានយន្តហោះ និងអាចផ្ទុកអ្នកដំណើររួមទាំងអ្នកអង្គុយ និងអ្នកឈរប្រមាណ១០០នាក់។ នៅក្នុងរថភ្លើងមានដាក់ម៉ាស៊ីនត្រជាក់ ហើយប្រជាពលរដ្ឋដែលរស់នៅ ក្បែរព្រលានយន្តហោះ ហើយចង់ឡើងមករាជធានីភ្នំពេញ ក៏អាចប្រើប្រាស់រថភ្លើងនេះបានដែរ៕