(ព្រៃវែង)៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រៃវែង លោក អ៊ន ប៊ុនលី នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨នេះ សម្រេចចេញដីកាឃុំខ្លួនឃាតកដែលរំលោភសេពសន្ថវៈរួចសម្លាប់ក្មេងស្រីអាយុ៥ឆ្នាំ ដាក់ពន្ធនាគារបណ្តោះអាសន្ន ។
មន្ត្រីតុលាការ ថ្លែងថា ឃាតករូបនេះ ត្រូវបានលោក សោ សុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រៃវែង ចោទប្រកាន់ពីបទ ឃាតកម្មមានស្ថានទម្ងន់ទោសដោយមានទារុណកម្ម អំពើឃោរឃៅ ឬ អំពើរំលោភសេពសន្ថវៈ។ បទល្មើសនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ។
គួររំលឹកថា ឃាតករូបនេះត្រូវបាននគរបាលខេត្តព្រៃវែងចាប់ខ្លួន កាលពីរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ បន្ទាប់ពីបានរំលោភសេពសន្ថវៈកុមារីរងគ្រោះ ឈ្មោះ ចាន់ ស្រីជេត អាយុ៥ឆ្នាំ រស់នៅភូមិសទ្ធាឃុំរំចេក ស្រុកព្រះស្តេច ក្នុងចេតីយ៍វត្ត"សន្ធោ" រួចច្របាច់កសម្លាប់យកសពបោះចោលក្នុងស្រះទឹកជិតកន្លែងកើតហេតុ កាលពីរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨។
មិនតែប៉ុណ្ណោះកាលពីឆ្នាំ២០១៧ជននេះ ក៏ធ្លាប់បានចាប់រំលោភសេពសន្ថវៈបងបង្កើតរបស់ជនរងគ្រោះម្ដងរួចមកហើយ ដែលនាងទើបអាយុ១០ឆ្នាំ ។ ប៉ុន្តែកាលណោះជនសង្ស័យ និងគ្រួសាររងគ្រោះបានសម្រួលគ្នាមិនឱ្យសមត្ថកិច្ចដឹង៕