(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អមដំណើរដោយ លោកវរសេនីយ៍ទោ ថន ស៊ីសក្តា មេបញ្ជាការវរសេនាតូចលេខ១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានចុះសួរសុខទុក្ខលោកនាយចំណង់ ឈួន រ៉ុម មុខដំណែងជំនួយការប្រយុទ្ធអង្គភាពវរសេនាតូចលេខ១ ដែលមានរបួសដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងពេលបំពេញបេសកកម្ម កាលពីពេលថ្មី ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅភូមិតាំងក្រូច ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំការផ្ដាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ និងសម្តែងនូវការស្តោកស្តាយខ្លាំងបំផុត ចំពោះលោក ឈួន រ៉ុម ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ ក្នុងពេលបំពេញបេសកកម្មបម្រើជាតិមាតុភូមិ។

លោក ឈួន រ៉ុម បានថ្លែងអំណរគុណជាអនេក ដល់ថ្នាក់ដឹកនាំ ពិសេសឧត្តមសេនីយ៍ទោ សោម ស៊ុន ដែលតែងតែបានជួយយកចិត្តទុកដាក់ រាល់ទុក្ខលំបាករបស់មន្ត្រីក្រោមឱវាទ ដែលជួបបញ្ហានានា។

ក្នុងនោះដែរ ក្រុមការងាររបស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងវរសេនាតូចលេខ១ បានឧបត្ថម្ភជូន អង្ករចំនួន ៥០គីឡូក្រាម មីយើងចំនួន ២កេស និងថវិកាចំនួន ៥០០,០០០រៀល ដល់លោក ឈួន រ៉ុម ដើម្បីទុកសម្រាប់ដោះស្រាយជីវភាពផងដែរ៕