(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលរងខេត្តត្បូងឃ្មុំ បានថ្លែងថា កីឡាករល្អ ត្រូវគោរពតាមគោលការណ៍ និងបទបញ្ជាបច្ចេកទេសនៃការប្រកួត ដោយឈរលើស្មារតីស្រឡាញ់កីឡាពិតប្រាកដ ស្របតាមសមត្ថភាពរបស់ខ្លួន ដោយមិនគិតតែពីការឈ្នះចាញ់ឡើយ។

លោកថ្លែងបែបនេះ ទៅកាន់កីឡាករ កីឡាការនី ប្រមាណ៥០០នាក់ ក្នុងពិធីបើកការប្រកួតកីឡាមហាជន ជម្រើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០១៨ ទូទាំងខេត្តត្បូងឃ្មុំ នៅទីលានបាលទាត់ក្រុងសួង ស្ថិតនៅសង្កាត់សួង ក្រុងសួង នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨នេះ។

លោកបានលើកឡើងទៀតថា ដើម្បីឆ្លើយតបបានទៅនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការកំណែទម្រង់ក្រសួងអប់រំយុវជន និងកីឡា បានឈរលើមូលដ្ឋាននៃយុទ្ធសាស្ត្រចតុកោណ និងគោលនយោបាយជាតិ ស្ដីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡានេះ ក្រសួង និងមន្ទីរអប់រំ រួមជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានស្វែងយល់ពីគន្លឹះ ក្នុងទិសដៅដោយធ្វើឲ្យមានប្រសិទ្ធភាព ស្របតាមផែនការយុទ្ធសាស្ត្រនៃ ការធ្វើកំណែទម្រង់វិស័យអប់រំកាយ និងកីឡា ដើម្បីឈានទៅដណ្តើម មេដាយជូនជាតិ និងនៅលើឆាកអន្តរជាតិ។

បើតាមរបាយការណ៍របស់លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ការប្រកួតកីឡាក្នុងឆ្នាំ២០១៨នេះ មានប្រភេទកីឡាជាច្រើន ដើម្បីធ្វើការប្រកួតប្រជែង ដោយក្នុងនោះក្រុមកីឡាករ កីឡាការនី មកពីទាំង ៧ក្រុង ស្រុក ក្នុងខេត្ត ចំនួន៣៨ក្រុម សរុបមានចំនួន ៤៩២នាក់ នារី១៨០នាក់ផងដែរ៕