(បន្ទាយមានជ័យ)៖ ឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា ប្រធានការិយាលយ័ទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ និងសមភាគីថៃ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ បានចុះត្រួតពិនិត្យ តាមបណ្ដាច្រករបៀង និងច្រកតំបន់មួយចំនួន នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ចាប់ពីច្រករបៀងអូរបីជាន់ រហូតដល់ច្រកតំបន់៤៣ ដែលគណៈកម្មាធិការព្រំដែន ខេត្តបន្ទាយមានជ័យខាងកម្ពុជា និងខេត្តស្រះកែវខាងភាគីថៃ ត្រៀមនឹងបើកដំណើរការច្រកតំបន់៤៣-ណូនម៉ាក់មុន ជាច្រកតំបន់ព្រំដែន នៅពេលខាងមុខដ៏ខ្លីនេះ។

លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា ដើម្បីបន្តអនុវត្តស្មារតីនៃកិច្ចប្រជុំរវាងកម្ពុជា-ថៃ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ ស្តីពីការគាំទ្រឲ្យដំណើរការបើកច្រកព្រំដែនតំបន់៤៣-ណូនម៉ាក់មុន ភាគីទាំងពីរ បានបន្តបើកកិច្ចប្រជុំ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ ផងដែរ។ កិច្ចប្រជុំបានឯកភាពឲ្យមានការសាងសង់ប៉ុស្តិ៍ត្រួតពិនិត្យ, អគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែន និងហេដ្ឋេចនាសម្ព័ន្ធផ្សេងៗទៀត តំបន់បរិវេណច្រក ហើយកិច្ចការទាំងអស់មិនធ្វើឲ្យប្រាសចាក ពីខ្លឹមសារនៃកិច្ចព្រមព្រៀង និងច្បាប់នៃប្រទេសទាំងពីរឡើយ។

លោកឧកញ៉ា សំ ផាន់ណារឹទ្ធិ ប្រធានក្រុមហ៊ុន សំផាន់ណារឹទ្ធិឌឹវែឡុបមេន ជាក្រុមហ៊ុនដែលទទួលសិទ្ធិពីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការវិនិយោគលើដីតំបន់ច្រកទ្វារព្រំដែន និងការសាសង់ហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងច្រកព្រំដែន បានឲ្យដឹងថា ក្រុមហ៊ុនបានដោះស្រាយសំណងផលប៉ះពាល់ ស្ទើររួចរាល់ទាំងស្រុង បានដោះស្រាយ និងសាងសង់ផ្លូវភ្លោះ ទទឹង៦០ម៉ែត្រ តភ្ជាប់ច្រកព្រំដែនមកកែងគ្នានឹងផ្លូវជាតិលេខ៥៨ ខាងកម្ពុជា និងទៅផ្លូវជាតិនៃច្រកណូនម៉ាក់មុន ខាងដីថៃផងដែរ៕