ក្រោមបញ្ជារបស់អភិបាលក្រុង និងស្នងការ ជួន សុវណ្ណ, កម្លាំងនគរបាលបើកប្រតិបត្តិការ ចុះបង្ក្រាបល្បែងស៊ីសង នៅផ្សារសូរិយាម៉ល ក្នុងខណ្ឌដូនពេញ ឃាត់មនុស្សជាង៧០នាក់ និងដកហូតទូហ្គេមជាង៧០គ្រឿង
20-04-2018 16:37
(ភ្នំពេញ)៖ ក្រោមបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨នេះ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ ចុះទៅបង្ក្រាបល្បែងស៊ីសងដ៏ធំសម្បើមមួយ នៅផ្សារសូរិយាម៉ល ក្នុងខណ្ឌដូនពេញ ដោយឃាត់មនុស្សជាង៧០នាក់ និងដកហូតទូហ្គេមជាង៧០គ្រឿងផងដែរ។
លោក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ល្បែងស៊ីសងទាំងនេះ ត្រូវបានកម្លាំង នគរបាលរបស់លោក បាននិងកំពុងចុះបង្ក្រាប ក្រោមបញ្ជារបស់អភិបាលក្រុង និងនាយឧត្តមសេនីយ៍ស្នងការ ដោយសារតែវាជាសំបុក នាំឲ្យកើតបទល្មើសផ្សេងៗ ជាពិសេស លួច ឆក់ ប្លន់ និងគ្រឿងញៀនជាដើម។
យ៉ាងណាក៏ដោយ កម្លាំងនគរបាលក្រោមការសម្របសម្រួល ពីតំណាងអយ្យការផងនោះ បាននិងបន្តនីតិវិធី ពាក់ព័ន្ធជាមួយការបង្ក្រាបល្បែងស៊ីសងទាំងនេះ៕