Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នៅថ្ងៃចន្ទសប្តាហ៍ក្រោយ! ក្រសួងយុត្តិធម៌ នឹងបើកកិច្ចប្រជុំពិនិត្យ វាយតម្លៃបញ្ជីឈ្មោះទណ្ឌិតចំនួន២២៨រូប សម្រាប់ការស្នើសុំបន្ថូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសបុណ្យពិសាខបូជា

20-04-2018 15:54

(ភ្នំពេញ)៖ នៅសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ សប្តាហ៍ក្រោយនេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា នឹងដឹកនាំកិច្ចប្រជុំគណៈកម្មការ ថ្នាក់ជាតិពិនិត្យ និងវាយតម្លៃ បញ្ជីឈ្មោះទណ្ឌិតចំនួន២២៨រូប ស្នើសុំបន្ថូរបន្ថយទោស និងលើកលែងទោស ដើម្បីពិនិត្យសំណើសុំបន្ថូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសបុណ្យពិសាខបូជា នៅទីស្តីការក្រសួងយុត្តិធម៌។

បញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ថូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសបុណ្យពិសាខបូជា មានទណ្ឌិតស្នើសុំសរុប២២៨នាក់ (ស្ត្រី១៨នាក់) ដែលនេះជារបាយការណ៍ ទទួលបានពីគណៈកម្មការថ្នាក់រាជធានីខេត្ត (ពន្ធនាគារចំនួន១៨) និងគណៈកម្មការក្រសួងមហាផ្ទៃ (មណ្ឌលអប់រំកែប្រែចំនួន៤)។

សូមជម្រាបជូនផងដែរថា ការបន្ថូរបន្ថយទោស និងលើកលែងទោស គឺសម្រាប់តែទណ្ឌិតណា ដែលគោរពលក្ខខណ្ឌ ដែលមានចែងក្នុងច្បាប់ ហើយទណ្ឌិតអាចស្នើសុំបាន មានតែនៅក្នុងពេលប្រារព្ធ ពិធីបុណ្យប្រពៃណីជាតិសំខាន់ៗ ដូចជា៖ ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ពិធីបុណ្យពិសាខបូជា និងពិធីបុណ្យអុំទូកបណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក តែប៉ុណ្ណោះ។

បើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ឆ្នាំ២០១៧កន្លងទៅ ព្រះមហាក្សត្រ បានបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតសរុបចំនួន១៥៧នាក់ (ស្រី២០នាក់) ដោយក្នុងព្រះរាជពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរចំនួន៧២នាក់ (ស្រី១១នាក់) ពិធីបុណ្យពិសាខបូជា៣៥នាក់ (ស្រី៤នាក់) និងពិធីបុណ្យអុំទូកបណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក៥០នាក់ ស្រី៥នាក់៕