(ភ្នំពេញ)៖ ក្រុមធនាគារពិភពលោក និងកម្មវិធីស្រាវជ្រាវអំពើហិង្សាលើផ្លូវភេទ Sexual Violence Research Initiative (SVRI) នាពេលថ្មីៗនេះ បានផ្តល់រង្វាន់ទឹកប្រាក់ចំនួន ៩៩,៩០០ដុល្លារអាមេរិក ដល់សាកលវិទ្យាល័យ «Monash University» សម្រាប់ធ្វើការស្រាវជ្រាវមួយនៅប្រទេសកម្ពុជា ដែលមានគោលបំណងជួយកាត់បន្ថយឧប្បត្តិហេតុ នៃអំពើហិង្សាទាក់ទងនឹងយេនឌ័រ។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ ធនាគារពិភពលោក (World Bank) ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា រង្វាន់នេះ ជាផ្នែកមួយនៃកម្មវិធី «ការអភិវឌ្ឍទីផ្សារឲ្យមាននវានុវត្តភាព ដើម្បីដោះស្រាយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ឆ្នាំ២០១៨»។
សេចក្ដីប្រកាសព័ត៌មាន បានបន្ថែមទៀតថា សាកលវិទ្យាល័យ Monash University នៅប្រទេសអូស្រ្តាលី នឹងធ្វើការស្ទង់រកមើលអានុភាព ផ្នែកវប្បធម៌ ដែលជាឫសគល់នាំឲ្យមាន អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងធ្វើតេស្តមើល ថាតើ អន្តរាគមន៍នានា ពីសំណាក់ព្រះសង្ឃ និងយាយជី អាចរួមវិភាគទានបានប៉ុនណា ដល់ការទប់ស្កាត់អំពើហិង្សាលើផ្លូវភេទ។
លោក មីហ្គែល អេកាដូ សានឆេហ្ស ម៉ាទីន នាយកគ្រប់គ្រងធនាគារពិភពលោក ស្តីទីសម្រាប់ប្រទេសកម្ពុជា បានថ្លែងថា «ប្រទេសកម្ពុជា សម្រេចបានវឌ្ឍនភាពច្រើន ក្នុងការប្រឆាំង ទៅនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ ក៏ប៉ុន្តែការយល់ដឹងអំពីឥរិយាបថ ផ្នែកវប្បធម៌ជាសមាសភាគមួយ មានសារៈសំខាន់ សម្រាប់ធ្វើយ៉ាងណាធានា ឲ្យការឆ្លើយតបទៅអំពើហិង្សា ទាក់ទងនឹងយេនឌ័រ សម្រេចបានជោគជ័យ»។
លោកស្រី ការ៉េន ក្រោន នាយកជាន់ខ្ពស់ផ្នែកយេនឌ័រ របស់ក្រុមធនាគារពិភពលោក បានថ្លែងថា «ការសិក្សាជាច្រើន បានឲ្យដឹងថា អំពើហិង្សាទាក់ទងនឹងយេនឌ័រ អាចបណ្តាលឲ្យមាន ការបង់ខាត ផ្នែកសេដ្ឋកិច្ចរហូតដល់ទៅ ៣,៧ ភាគរយនៃ ផលិតផលក្នុងស្រុកសរុប (GDP) ដោយសារតែផលិតភាព ផ្នែកសេដ្ឋកិច្ចត្រូវបានបាត់បង់ ថែមពីលើគ្រោះថ្នាក់ ដោយផ្ទាល់ដែលមានទៅលើស្ត្រី និង បុរស ជាជនរងគ្រោះ»។
សូមបញ្ជាក់ថា កម្មវិធីស្រាវជ្រាវការអភិវឌ្ឍទីផ្សារនេះ ត្រូវបានសម្ពោធឡើងនៅឆ្នាំ២០១៥ ជាការឧទ្ទិសដល់អនុស្សាវរីយ៍របស់នាង ហាណា ក្រាហាម ដែលកូនស្រី របស់បុគ្គលិកយូរ ឆ្នាំម្នាក់ របស់ក្រុមធនាគារពិភពលោក។ កម្មវិធីនេះ ជាការប្រកួតប្រជែងប្រចាំឆ្នាំ សម្រាប់អ្នកស្រាវជ្រាវដែលស្វែងរក ដំណោះស្រាយបែបនវានុវត្ត៍ ដែលអាចជួយដល់បុគ្គល សហគមន៍ និងប្រទេសនានា ក្នុងការបង្ក្រាបអំពើហិង្សាទាក់ទងនឹងយេនឌ័រ៕