(កំពង់ធំ)៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨នេះ លោក សុក ហៃ អភិបាលរងខេត្តកំពង់ធំ តំណាងលោក សុខ លូ អភិបាលខេត្តកំពង់ធំ បានអញ្ជើញចូលរួមកម្មវិធី បណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាមូលដ្ឋានគ្រឹះ ក្នុងការឈានទៅរកការកាត់បន្ថយនូវភាពក្រីក្រ និងចំណាកស្រុករបស់ប្រជាពលរដ្ឋ។
លោក សុក ហៃ អភិបាលរងខេត្តកំពង់ធំបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើ វិស័យអប់រំ ជាពិសេសការអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ សំដៅធ្វើឲ្យប្រសើរឡើងនូវលក្ខណៈការងារ ឱកាសការងារ និងពង្រឹងនូវភាពសុខដុមរមនា នៃទំនាក់ទំនង អប់រំបណ្តុះបណ្តាលវិជ្ជាជីវៈស្របតាមទីផ្សារការងារ ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកស្ទួយជីវភាព តាមរយៈការបង្កើតនូវជំនាញពិតក្នុងមូលដ្ឋាន ដែលឈានទៅរកការកាត់បន្ថយនូវការចំណាកស្រុក និងជាគោលដៅធ្វើការកំណែរទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ។
លោកបានបន្តថា លើសពីនេះទៅទៀតនៅក្នុងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើការអភិវឌ្ឍលើវិស័យឯកជន និងការងារ គឺដាច់ខាតត្រូវជម្រុញឲ្យមាន «ការកសាងសមត្ថភាព និងអភិវឌ្ឍន៍ធនធានមនុស្ស»។
លោកបានធ្វើការក្រើនរំលឹកដល់ លោកប្រធានមន្ទីរ លោកមេឃុំ ចៅសង្កាត់ និងអាជ្ញាធរពាក់ព័ន្ធ ទាំងអស់បង្កើននូវការជ្រើសរើស និងអប់រំបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ លើសិក្ខាកាម ដោយពិនិត្យលើស្ថានភាពជាក់ស្តែងឲ្យបានច្បាស់លាស់ ជាពិសេសលើក្រុមគ្រួសារក្រីក្រ ស្រ្តីមេម៉ាយ ជនពិការ ទ័ពរំសាយ កុមារកំព្រា យុវជនបោះបង់ការសិក្សាព្រោះ កម្រឹតជីវភាព ឲ្យមានលទ្ធភាពស្រូបយកជំនាញវិជ្ជាជីវៈ និងមានមុខរបរមួយពិតប្រកដក្នុងសង្គម។
ជាមួយគ្នានេះផងដែរ លោក ឯក ហៀង នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ធំ លើកឡើងដែរថា នៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ធំ បាន នឹងកំពុងធ្វើការបណ្តុះបបណ្តាល នូវសិក្ខាកាម និងសិក្សានុសិស្ស លើជំនាញចំនួន ៣កម្រឹតគឺ កម្រិតបរិញ្ញាបត្ររង, កម្រិតសញ្ញាបត្របច្ចេកទេស និងជំនាញ និងវគ្គខ្លីបួនខែផងដែរ ក្នុងនោះរួមមាន៖ ជំនាញ (ICT, ភាសារអង្គគ្លេស, បស្សុព្យាបាល, គណនេយ្យ, កំព្យូរទ័ររដ្ឋបាល, កែសម្ភស្ស និងសំអាងការ, ជាងកាត់ដេរ, ជាងជួសជុលម៉ូតូ, បច្ចេសដាំបន្លែ និងបច្ចេកទេសចិញ្ចឹមសត្វ) ហើយជំនាញទាំងអស់នេះ ធ្វើការបណ្តុះបណ្តាលនៅ នៅតាមសហគមន៍ នៅតាមសហគ្រាស និងបណ្តុះបណ្តាលនៅមជ្ឈមណ្ឌលដោយផ្ទាល់ផងដែរ៕