(កណ្តាល)៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ សហការជាមួយវិទ្យាស្ថានស្តង់ដារកម្ពុជា សមត្ថកិច្ចជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានខេត្តកណ្តាល បានចុះត្រួតពិនិត្យទីតាំងផលិតភេសជ្ជៈប៉ូវកម្លាំងមួយកន្លែង មានយីហោ b-smart ក្រោយសង្ស័យផលិតភេសជ្ជៈពុំអនុលោមត្រឹមត្រូវតាមច្បាប់។
ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់របស់ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រោមការសម្របសម្រួលនីតិវិធីពីលោក ហេង ផេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨។
រោងចក្រផលិតភេសជ្ជៈប៉ូវកម្លាំងមួយកន្លែង មានយីហោ b-smart នេះ មានទីតាំងស្ថិតនៅភូមិទី៥ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។ ក្រោយកាត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចចម្រុះបានរកឃើញភេសជ្ជៈមួយចំនួន នៅមិនទាន់មានលក្ខណៈត្រឹមត្រូវតាមស្តង់ដារនៅឡើយ ដោយតម្រូវឲ្យម្ចាស់ទីតាំងធ្វើការកែតម្រូវឡើងវិញ។
តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា បន្ទាប់ពីបើកការត្រួតពិនិត្យរួចហើយ លោកព្រះរាជអាជ្ញារង ហេង ផេង បានតម្រូវឲ្យម្ចាស់ទីតាំងធ្វើការសម្រួលតាមបច្ចេកទេស និងអនាម័យត្រឹមត្រូវ និងតម្រូវឲ្យម្ចាស់ឈ្មោះ ងន សុគន្ធ មកបំភ្លឺបន្ថែមទៀត៕