(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត និងជាប្រធានកិត្តិយសគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពត បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជាគំរូវិរៈភាពដ៏ថ្លៃថ្លា គួរឱ្យស្ញប់ស្ញែង ក្នុងការប្រយុទ្ធតស៊ូ រំដោះ សង្គ្រោះជាតិ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ទើបក្លាយជាអតីតយុទ្ធជនពិការ ដ៏ឆ្នើមមួយរូប។
លោកអភិបាល ជាវ តាយ ថ្លែងយ៉ាងដូច្នេះ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨នេះ ក្នុងឱកាសលោកជាអធិបតី ក្នុងកម្មវិធីសំណេះសំណាល និងអញ្ជើញបំពាក់មេដាយការពារជាតិជូន សមាជិកសមាសគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពត មកពីស្រុកទឹកឈូ និងក្រុងកំពតចំនួន៩៤៨នាក់ នៅមន្ទីរគណបក្សប្រជាជនកម្ពុជា ខេត្តកំពត ក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាលក្រុងកំពត។
ជាមួយគ្នានេះលោក ជា តាយ ក៏បានអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះការរំលឹកដឹងគុណ នៃការពលីកម្មដ៏ធំធេងមិនអាចកាត់ថ្លៃ បានរបស់យុទ្ធជន យុទ្ធនារី ប្រជាជន និងអ្នកស្នេហាជាតិទាំងឡាយ ដែលបានបូជាសាច់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជននៅគ្រប់ដំណាក់កាល។ អតីតយុទ្ធជន គឺជាជនដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិជានិមិត្តរូប នៃស្មារតីលះបង់ ធ្វើពលិកម្មដើម្បីស្នេហាជាតិពិតប្រាកដ។
លោកអភិបាលខេត្ត បានអំពាវនាវផ្ដាំផ្ញើផ្ដល់មន្ទីរ អង្គភាពពាក់ព័ន្ធដៃគូអភិវឌ្ឍន៍ សប្បុរសជននានា ជាពិសេសគណៈកម្មាធិការសមាគមអតីតយុទ្ធ រួមជាមួយអាជ្ញាធរមូលដ្ឋាន ត្រូវសហការគ្នាបន្តជំរុញដល់ការអភិវឌ្ឍន៍ វិស័យអតីតយុទ្ធជនបន្ថែមទៀត ដោយបន្តឧបត្ថម្ភគាំទ្រដោះស្រាយ របបគោលនយោបាយ តាមមុខសញ្ញាប្រាក់មរណភាពសង្គ្រោះ និងពិសេសបងប្អូនអតីតយុទ្ធជនក៏ត្រូវតែបន្តប្រកាន់ខ្ជាប់នូវវីរៈភាពអង់អាចក្លាហាន សក្ដិសមជាកុលបុត្រដ៏ឆ្នើមរបស់ជាតិមាតុភូមិ ទោះបីបច្ចុប្បន្នក្លាយជាអតីតយុទ្ធជន ក៏ត្រូវបន្តរក្សាស្មារតីវីរៈភាពដ៏ថ្លៃថ្លានេះ ជាប់ជានិច្ចដើម្បីជាគំរូល្អនៅក្នុងសង្គមជាតិ។
លោកឧត្ដមសេនីយ៍ទោ យឹម ប៊ុនធឿន មេបញ្ជាការរងភូមិភាគទី៣, ជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានឱ្យដឹងថា សមាគមអតីតយុទ្ធជនកម្ពុជា នៅក្នុងទូទាំងខេត្តកំពត ដែលត្រូវបំពាក់មេដាយជូន សរុបមានចំនួន៤,៤៨៣នាក់។ ដោយឡែកនេះ គឺជាការបំពាក់លើកទី៣។ ហើយចំនួនដែលត្រូវបំពាក់មេដាយ នាពេលនេះគឺមកពីស្រុកទឹកឈូ និងក្រុងកំពត សរុបចំនួន ៩៤៨នាក់។ ប្រភេទមេដាយសម្រាប់ស្រុកទឹកឈូ មានមេដាយមាសម្នាក, មេដាយប្រាក់៩៣នាក់ និងមេដាយសំរិទ្ធ៥០២នាក់ ចំណែកក្រុងកំពត មេដាយមាស០៥នាក់ មេដាយប្រាក់១២៨នាក់ និងមេដាយ សំរិទ្ធ២១៩នាក់។
ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បានជូនថវិកាដល់អតីតយុទ្ធជនចំនួន១២៣០នាក់ ក្នុងម្នាក់ៗប្រាក់៥ម៉ឺនរៀលផងដែរ៕