Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានបក្សយុវជន ប្រកាសផ្តល់រង្វាន់លើកទឹកចិត្ត៥ពាន់ដុល្លារ ដល់កីឡាប្រដាល់ខ្មែរ ដែលអាចផ្តួលកីឡាករថៃម្នាក់ ដែលប្រមាថអ្នកប្រដាល់ខ្មែរ

20-04-2018 13:08

(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានប្រកាសផ្តល់រង្វាន់៥ពាន់ដុល្លារ ដល់កីឡាករប្រដាល់ខ្មែរណា ដែលផ្តួលកីឡាករប្រដាល់ថៃម្នាក់ ដែលបានបង្ហាញឫក​ពា ក្អេងក្អាង ប្រមាថដល់អ្នកដាល់ខ្មែរ។

លោក ពេជ្រ ស្រស់ បានប​ញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា៖ «បើមានកីឡាករគុនខ្មែរណាមួយ ផ្តួលកីឡាករសៀមនេះបាន (ចោរសៀម) ខ្ញុំជូនថវិកាលើកទឹកចិត្ត៥ពាន់ដុល្លារ។ ពូជខ្មែរជាពូជប្រយុទ្ធមិនអាចឱ្យជនបរទេសណាមួយ មើលងាយបានឡើយ។ យើងរួមគ្នាលើកគុណតម្លៃវិស័យគុនខ្មែរ»

ប្រតិកម្មដ៏ខ្លាំងក្លារបស់ប្រធានគណបក្សយុវជន បានធ្វើឡើងបន្ទាប់ពីកីឡាករប្រដាល់ថៃឈ្មោះ Saensatharn P.K.Saenchai បានបង្ហាញវីដេអូមួយ ដោយប្រមាថកីឡាករខ្មែរថាអន់ ហើយហៅកីឡាករខ្មែរ ក្នុងនោះក៏មានឈ្មោះ កែវ រំចង់ ផងដែរដើម្បីវ៉ៃជាមួយខ្លួន។

កីឡាករថៃដ៏ក្អេងក្អាងរូបនេះ ក៏ទទួលរងនូវការរិះគន់យ៉ាងចាស់ដៃ ពីអ្នកគាំទ្រកីឡាប្រដាល់ ប្រជាពលរដ្ឋកម្ពុជា ដោយចាត់ទុកថា មានចរិតឈ្លើយ ដែលមានទឹកចិត្តមិនសក្តិសម ជាអ្នកកីឡាប្រដាល់ទាល់តែសោះ។

សូមបញ្ជាក់ថា បន្ទាប់ពីការប្រកាសរបស់ លោក ពេជ្រ ស្រស់ រួចហើយភ្លាមៗនោះ កីឡាប្រដាល់ខ្មែរដ៏ល្បីម្នាក់ គឺកែវ រំចង់ ក៏បានឆ្លើយតបចំពោះ លោកពេជ្រ ស្រស់ ហើយថាខ្លួននឹងស្នើសុំប្រកួតជាមួយកីឡាករ Saensatharn P.K.Saenchai បើសិនជាមានការរៀបចំការប្រកួតនៅពេលខាងមុខ៕