(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ មន្រ្តីកាំកុងត្រូលប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដឹកនាំដោយលោក ហុង លឹមហ៊ុន ប្រធាប៉ុស្តិ៍ស្ថានីយ៍អ្នកដំណើរ សហការជាមួយ មន្រ្តីមន្ទីរពិសោធន៍ (រួមជាមួយរថយន្តមន្ទីរពិសោធន៍ចល័ត) មន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរផ្សារ បានចុះត្រួតពិនិត្យបន្លែ គ្រឿងសមុទ្រ គ្រឿងឧបភោគ បរិភោគ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ នៅផ្សារជម្ពូវ័ន្ត ក្នុងខណ្ឌពោធិ៍សែនជ័យ ជាលទ្ធផលក្រុមការងារ មិនបានស្វែងរកឃើញសារធាតុគីមីហាមឃាត់ និងទំនិញខូចគុណភាពនោះទេ។
លោក ហុង លឹមហ៊ុន បានថ្លែងថា ដើម្បីធានាបានសុវត្ថិភាពចំណីអាហារ លោកបានដឹកនាំមន្ត្រី ចុះពិនិត្យទំនិញនៅផ្សារជម្ពូវ័ន្ត តែពុំបានរកឃើញសារធាតុគីមីនោះទេ ដែលបង្ហាញថា បងប្អូនអាជីវករមានការយល់ដឹងច្រើនពីបញ្ហាសុវត្ថិភាពចំណីអាហារ។
លោកបានឲ្យដឹងថា ការចុះពិនិត្យមុខទំនិញនៅថ្ងៃនេះ មានគោលបំណងធានាបានសុវត្ថិភាពម្ហូបអាហារ ព្រោះវាមានសារសំខាន់ចាំបាច់ណាស់ក្នុងសង្គម និងជីវភាពប្រចាំថ្ងៃ។ លោបានបន្តថា ការទទួលខុសត្រូវលើ សុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរួមគ្នា ទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយ និងអ្នកទាំងអស់គ្នាជាអ្នកប្រើប្រាស់ផងដែរ ព្រោះសុខភាពគឺជាកត្តាចំបងនៃភាពរស់រាននៃជីវិត។
ជាចុងក្រោយ លោកហុង លឹមហ៊ុន បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រយ័ត្នចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញា កាលបរិច្ឆេទឲ្យបានច្បាស់លាស់ មុននឹងទិញយកទៅបរិភោគ ត្រូវចូលរួមលើកកម្ពស់សុខុមាលភាពទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូល នឹងបន្តចុះពិនិត្យទំនិញនៅតាមផ្សារផ្សេងទៀត នៅក្នុងដែនដីរបស់ខ្លួនឲ្យបានញឹកញាប់បន្ថែមទៀត៕