(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨នេះ បានជួបសំណេះសំណាលជាមួយសិស្សពូកែទូទាំងខេត្តចំនួន១៨នាក់ (ថ្នាក់ទី១២ ចំនួន៩នាក់ និងថ្នាក់ទី៩ ចំនួន៩នាក់) ព្រមទាំងបានផ្ដល់រង្វាន់លើកទឹកចិត្ត និងប័ណ្ណសរសើរដល់សិស្សពូកែថ្នាក់ខេត្ត ដើម្បីលើកទឹកចិត្ត មុនការប្រឡងថ្នាក់ជាតិ ចូលមកដល់នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ខាងមុខនេះ។
ក្នុងឱកាសនោះដែរលោក សុខ លូ ក៏បានកោតសសើរដល់ថ្នាក់ដឹកនាំនៃមន្ទីអប់រំ យុវជន និងកីឡាខេត្តជាពិសេសលោកគ្រូ-អ្នកគ្រូ ដែលខិតខំប្រឹងប្រែង យកចិត្តទុកដាក់ការបង្ហាត់បង្រៀន នូវចំណេះជំនាញដល់សិស្សានុសិស្ស គ្រប់ស្រទាប់វណ្ណៈដើម្បីឱ្យក្លាយជាធនធានមនុស្ស បន្តវេនសម្រាប់ដឹកនាំ និងអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចំរើននាពេលអនាគត។
លោក សុខ លូ បានរំលឹកថា នៅឆ្នាំ១៩៧០ ប្រទេសកម្ពុជាបានធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត បានសម្លាប់អ្នកចេះដឹងស្ទើរតែទាំងស្រុង ធ្វើឱ្យយើងទាំងអស់គ្នា មានវិប្បដិសារីរហូតមកដល់ថ្ងៃនេះ។
លោកបន្ថែមទៀតថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យមានប្រទេសមានសុខសន្តិភាព និងកសាងហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យ ក្នុងនោះវិស័យអប់រំយុវជន និងកីឡាជាវិស័យអាទិភាព ដោយបានកែទម្រង់ចាប់ពីថ្នាក់កុមារដ្ឋាន រហូតដល់ថ្នាក់ឧត្តមសិក្សាស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ក្នុងន័យពង្រឹងគុណភាព នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ និងការអភិវឌ្ឍន៍សម្រាប់ឱ្យយុវជនមានចំណេះ ជំនាញ ដូច្នេះថ្នាក់ដឹកនាំ មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ ត្រូវចូលរួមផ្តល់កម្លាំងចិត្ត និងលើកទឹកចិត្តក្មេងៗជំនាន់ក្រោយឱ្យខិតខំរៀនសូត្របានពូកែ មានទាំងសមត្ថភាព ចំណេះដឹង និងជំនាញច្បាស់ដើម្បីអភិវឌ្ឍន៍ខ្លួងឯងក៏ដូចជាជួយការងារសង្គមផងដែរ។
ជាមួយគ្នានោះដែរ លោកអភិបាលខេត្ត ក៏បានសំណូមពរ ដល់សិស្សានុសិស្សទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខិតខំរៀនសូត្រ និងពង្រឹងសមត្ថភាព បន្ថែមទៀត ដើម្បីចូលរួមប្រឡងថ្នាក់ជាតិ ទូទាំងប្រទេសឱ្យបានទទួលជោគជ័យគ្រប់ៗគ្នា ជាពិសេសត្រូវចូលរួមគោរពច្បាប់ចរាចរទាំងអស់គ្នា ចៀសឱ្យឆ្ងាយពីគ្រឿងញៀន បើមានមិត្តភក្តិប្រើប្រាស់គ្រឿងញៀន សូមរាយការណ៍មកលោកគ្រូ អ្នកគ្រូ ឪពុកម្តាយ ឬសមត្ថកិច្ច ដើម្បីធ្វើការអប់រំគាត់បានទាន់ពេលវេលា។
ចុងក្រោយអភិបាលខេត្តក៏បានប្រគល់ថវិកា ជាមួយប័ណ្ណសរសើរជូនដល់សិស្សពូកែទូទាំងខេត្តចំនួន១៨នាក់ ដោយលេខ១៖ ទទួលបានប័ណ្ណសរសើរ១ និងថវិកា៣០ម៉ឺនរៀល, លេខ២៖ ទទួលបានប័ណ្ណសរសើរ១ និងថវិកាចំនួន២៥ម៉ឺនរៀល, លេខ៣៖ ទទួលបានប័ណ្ណសរសើរ១ និងថវិកា២០ម៉ឺនរៀល។ ក្នុងនោះដែរ លោកក៏បានឧបត្ថម្ភនូវថវិកាផ្ទាល់ខ្លួនដល់សិស្សពូកែទាំង១៨នាក់ ស្នើៗគ្នាដោយក្នុងម្នាក់ទទួលបាន២០ម៉ឺនរៀលបន្ថែមទៀត៕