(ភ្នំពេញ)៖ បន្ទាប់ពីមានការភ័ន្ដច្រឡំថា ការផ្លាស់ប្ដូរពុទ្ធសករាជពី ២៥៦១ ទៅពុទ្ធសករាជ ២៥៦២ នៅថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិ ឬថ្ងៃវារៈឡើងស័កនោះ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨នេះ លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានឲ្យដឹងថា ការផ្លាស់ប្ដូរពុទ្ធសករាជទៅ ២៥៦២ គឺចាប់ផ្ដើមនៅថ្ងៃ១រោច ខែពិសាខ ដែលត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ខាងមុខនេះ។
តាមរយៈអង្គភាព Fresh News នៅព្រឹកនេះ អ្នកនាំពាក្យក្រសួងធម្មការ បានរៀបរាប់យ៉ាងដូច្នេះថា៖
ឯកសារ៖ ការដូរពុទ្ធសករាជ ការត្រឹមត្រូវ គឺត្រូវប្ដូរនៅថ្ងៃ១រោច ខែពិសាខ ជាថ្ងៃដែល ថ្នាក់ដឹកនាំកំពូលព្រះពុទ្ធសាសនា កំណត់យកដោយគិតបន្ទាប់ពីថ្ងៃព្រះពុទ្ធអង្គ ទ្រង់យាងចូលកាន់ព្រះនិព្វាន នៅថ្ងៃពេញបូណ៌មី ខែពិសាខ។ សម្រាប់ឆ្នាំនេះ ត្រូវនឹងថ្ងៃច័ន្ទ ទី៣០ ខែមេសា ឆ្នាំ២០១៨ មិនមែនប្ដូរពីថ្ងៃចូលឆ្នាំ ឬថ្ងៃឡើងស័កនេះទេ។ ចំពោះការប្រកាសនៅក្នុងពិធីបុណ្យ ចូលឆ្នាំថា ឆ្នាំច សំរិទ្ធិស័កពុទ្ធសករាជ២៥៦២ នោះជាមានន័យ ដល់ទៅពេញមួយឆ្នាំ។
តែការប្រើលិខិតបទដ្ឋានផ្លូវការត្រូវប្រើ ២៥៦១ លុះត្រាដល់ ថ្ងៃ១រោច ខែពិសាខ ទើបប្រើជាពុទ្ធសករាជ ២៥៦២បាន។ ករណីនេះមិនសម្រេចទៅលើក្បួនខ្នាតទាំងស្រុងទេ អាស្រ័យរាជរដ្ឋាភិបាល ជាអ្នកសម្រេច ព្រោះរដ្ឋធម្មនុញ្ញកម្ពុជា ចែងថាព្រះពុទ្ធសាសនា ជាសាសនា របស់រដ្ឋ។ ប្រទេសខ្លះរដ្ឋជាអ្នកកំណត់ ដូចជាប្រទេសថៃរដ្ឋាភិបាល គេសម្រេចប្ដូរពុទ្ធសករាជនៅថ្ងៃទី១ ខែមករា ដើមឆ្នាំនេះតែម្ដង៕