(កណ្ដាល)៖ ករណីមនុស្សឃាតដ៏សាហាវព្រៃផ្សៃមួយ បានកើតឡើងទៅលើស្រ្តីម្នាក់ ត្រូវអតីតប្តីដែលទើបតែលែងលះគ្នាបាន២ខែ បើកម៉ូតូមកកាប់ប្រហារ ជិតដាច់ក្បាល បណ្តាឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ នៅម៉ោង២៖៣០នាទីរសៀល នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខអនុវិទ្យាល័យកំពង់ចម្លង ភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។
ស្ដ្រីជនរងគ្រោះ ឈ្មោះ ទុន ស្រីណយ អាយុ២០ឆ្នាំ មានទីលំនៅភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ដោយឡែកជនដៃដល់ជាប្ដី ដែលទើបលែងលះគ្នាបាន២ខែ ពោលនៅខែមេសា ឆ្នាំ២០១៨ ឈ្មោះ អ៊ិន ដារ៉ាឆាយរ៉ាត់ អាយុ២១ឆ្នាំ មុខរបរជាងជួសជុលរថយន្ត មានទីលំនៅភូមិ អំពិលទឹកឃុំកំពង់ភ្នំ ស្រុកលើកដែក។ បន្ទាប់ពីកាប់អតីតប្រពន្ធស្លាប់ហើយ ជនដៃដល់បានលោតពីលើស្ពានត្សឹបាសា (ស្ពានអ្នកលឿន) ធ្វើអត្តឃាតតាមក្រោយ។
របាយការណ៍របស់ស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ទន់ ស្រីណយ បានជិះម៉ូតូទៅយកលុយតុងទីននៅផ្ទះ ឈ្មោះ ញ៉ែម ចក់ លុះដល់ម៉ោងកើតហេតុខាងលើឈ្មោះ ទន់ ស្រីណយ បានជិះម៉ូតូចេញពីផ្ទះយកលុយតុងទីនត្រឡប់មកផ្ទះរបស់ខ្លួនវិញ លុះមកដល់កន្លែងកើតហេតុ ក្នុងបរិវេណសាលាអនុវិទ្យាល័យ ហ៊ុន សែន កំពង់ចម្លង បានជួបអតីតប្តី ឈ្មោះ អ៊ិន ដារ៉ាឆាយរ៉ាត់ បានស្ទាក់កាប់បណ្តាលឲ្យស្លាប់ ជនរងគ្រោះនៅកន្លែងកើតហេតុតែម្តង។
បើតាមលោកឧត្តមសេនីយ៍ស្នងការ មូលហេតុដែលនាំកើតមាននូវករណីឃាតកម្មនេះ មកពីអតីតប្ដីប្រច័ណ្ឌ ហើយជនដៃដល់មានគម្រោងគិតទុកជាមុន ដោយបានត្រៀមកាំបិត ដបទឹកសុទ្ធ ដាក់សាំងកន្លះដប និងប្រើម៉ូតូជាមធ្យោបាយធ្វើសកម្មភាព ហើយក្រោយពីបានធ្វើសកម្មភាពបានសម្រេច ជនដៃដល់បានធ្វើអត្តឃាតដោយលោតទឹកសម្លាប់ខ្លួន តែរកសាកសពមិនទាន់ឃើញ៕