(កូរ៉េខាងត្បូង)៖ ធនាគារឯកទេសវីង (Wing) ដែលទើបប្រកាសឲ្យប្រើសេវាផ្ទេរប្រាក់ពីកូរ៉េខាងត្បូងមកកម្ពុជា ក្នុងតម្លៃទាបនោះ បានឧបត្ថម្ភធំនៅក្នុងការប្រគំតន្ត្រីដ៏ធំអស្ចារ្យនៅកូរ៉េខាងត្បូង នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលមានពលករខ្មែរប្រមាណ១ម៉ឺននាក់ចូលរួម ប្រកបដោយក្តីរីករាយបំផុត។
សង្ក្រាន្ដឆ្នាំថ្មីនៅប្រទេសកូរ៉េ ដែលរៀបចំយ៉ាងធំនៅឆ្នាំនេះ បានរៀបចំឡើងដោយស្ថានឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសកូរ៉េ ក្រោមអធិបតីភាពលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតខ្មែរប្រចាំកូរ៉េខាងត្បូង លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង និងទទួលបានការឧបត្ថម្ភធំកម្មវិធីពីធនាគារឯកទេសវីង ដោយបានអញ្ជើញតារាចម្រៀងល្បីៗពីកម្ពុជាយ៉ាងច្រើនចូលរួម ដូចជា លោក អ៊ីណូ អ្នកនាង ខាត់ សុឃីម កញ្ញា នាង គន្ធា នេនទុំ នាយ កុយ និងតារាមួយចំនួនទៀត។
លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីងបានបញ្ជាក់ថា សេវាកម្មផ្ញើប្រាក់ពីកូរ៉េខាងត្បូងមកកម្ពុជានេះ គឺ វីងបានសហការជាមួយ GME របស់កូរ៉េ ដើម្បីបង្កើតភាពងាយស្រួលសម្រាប់ ប្រជាជនកម្ពុជាក្នុងការទទួលប្រាក់ ពីបងប្អូនសាច់ញាតិដែលកំពុងធ្វើការ និងរស់នៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយគ្រាន់តែប្រើប្រាស់កម្មវិធីស្មាតហ្វូនរបស់ GME ដែលចំណាយត្រឹមតែ ៥,០០០វ៉ុន តែប៉ុណ្ណោះ។
យោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវីជ្ជាជីវៈ បានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសកូរ៉េខាងត្បូងសរុបជាង ៦ម៉ឺននាក់ ក្នុងចំណោមចំនួនជាង ៥ម៉ឺន៣ពាន់នាក់ជាពលករ ដោយឡែកស្ត្រីដែលរៀបការជាមួយបុរសកូរ៉េមានប្រមាណ ៨ពាន់នាក់ រួមទាំងនិសិត្សដែលសិក្សានៅទីនោះមានជាង ៤០០នាក់។
គួរកត់សម្គាល់ថា នៅក្នុងឆ្នាំ២០១៧កន្លងទៅ ពលករខ្មែរដែលធ្វើការនៅប្រទេសកូរ៉េទាំងជាង ៥ម៉ឺននាក់នេះ បានផ្ញើរប្រាក់មកឲ្យក្រុមគ្រួសារក្នុងប្រទេសកម្ពុជាប្រមាណ ២៦០លានដុល្លារ ហើយម្នាក់ៗអាចផ្ញើជាមធ្យមរង្វង់ ១ពាន់ដុល្លារ ក្នុងមួយលើកៗ៕