(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាជាមួយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកស្រី អេយដា អុងលូ ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា បានបញ្ជាក់ថា ក្នុងអាណត្តិការងារនៅកម្ពុជា លោកស្រីនឹងជំរុញឲ្យមានជើងហោះហើរត្រង់មកកម្ពុជាឲ្យទាល់តែបាន ដើម្បីផ្លាស់ប្ដូរចរន្តភ្ញៀវទេសចរពីគ្នាទៅវិញទៅមក។
ជំនួបពិភាក្សានេះធ្វើឡើងនៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ ក្នុងនោះលោករដ្ឋមន្ត្រី ថោង ខុន ក៏បានស្នើឲ្យភាគីតួកគីដែលជាប្រទេសជោគជ័យ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ពិនិត្យលទ្ធភាពក្នុងការបណ្ដាក់ទុនវិនិយោគនៅកម្ពុជា រួមមាន ការវិនិយោគលើការបង្កើតសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍ផងដែរ។
ក្រសួងទេសចរណ៍កម្ពុជា និងតួកគី ក៏នឹងខិតខំឲ្យមានការចុះហត្ថលេខា លើអនុស្សរណនៃការយោគយល់គ្នា អំពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ នៅខែតុលា ឆ្នាំ២០១៨ ខាងមុខនេះ ដែលក្នុងនោះក៏នឹងមានជុំរុញការវិនិយោគ ការបណ្តុះបណ្តាល និងការហោះហើរត្រង់ពីតួកគីមកកាន់កម្ពុផងដែរ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ពីតំបន់ទេសចរណ៍ជាច្រើននៅកម្ពុជា ដូចជា ប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ ប្រាសាទសំបូរព្រៃគុក និងប្រាសាទជាច្រើនកន្លែងផ្សេងទៀត តំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាត តំបន់អេកូទេសចរណ៍ព្រៃកោងកាង អារ៉ែង និងភូមិភាគគឦសានជាដើម។ លោកក៏បានគោរពអញ្ជើញលោកស្រីឯកអគ្គរដ្ឋទូត ទៅទស្សនាតំបន់ឆ្នេរសមុទ្រ តំបន់អេកូទេសចរណ៍នៅកម្ពុជាផងដែរ។
សូមជម្រាបថា ជើងហោះហើរត្រង់ដែលប្រទេសតួកគីកំពុងហោះហើរនេះ មានចំនួន ១១៩ប្រទេស ឆ្ពោះទៅកាន់ទីក្រុងប្រមាណ ២៥០ទីក្រុង ក្នុងនោះនៅតំបន់អាស៊ាន មានប្រទេសថៃ សិង្ហបុរី ម៉ាឡេស៊ី វៀតណាម ហ្វីលីពីន និងឥណ្ឌូណេស៊ី៕