(តាកែវ)៖ លោក សុខ សូកាន តំណាងរាស្រ្តមណ្ឌលខេត្តតាកែវ អមដំណើរដោយលោក អ៊ូច ភា អភិបាលខេត្តតាកែវ នាថ្ងៃទី១៩ ខែមេសានេះ បានសម្ពោធសាលាធម្មសភា កុដិ ហោត្រ័យ ក្លោងទ្វារ ចាក់សាបជួសជុលព្រះវិហារ និងសមិទ្ធផលនានានៅក្នុងវត្តឧទុម្ពរ ស្ថិតនៅភូមិទន្លាប់ ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ ដោយបានចំណាយថវិកា ៣០៧,៨៥១ដុល្លារអាមេរិក។
ក្នុងឱកាសនោះ លោកសុខ សូកាន បានឲ្យដឹងថា ឈរលើមូលដ្ឋានសុខសន្តិភាព កម្ពុជាមានឱកាសច្រើនសម្រាប់អភិវឌ្ឍន៍លើគ្រប់វិស័យ ជាក់ស្តែងការបើកចំហសិទ្ធិសេរីភាពខាងជំនឿសាសនា តាមរយៈគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា តាំងពីដើមរៀងមក ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាជាប្រមុខដឹកនាំ បានធ្វើឲ្យវិស័យសាសនានៅកម្ពុជាមានការរីកចំរើនសម្បូរបែបគួរឲ្យកត់សម្គាល់ និងមានសុខដុមនីយកម្មសាសនាគួរជាទីមោទនៈ។
ពុទ្ធសាសនាមានការរីកចំរើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ដែលចំនួនវត្តអារាមមានការកើនឡើងជាលំដាប់រហូតដល់ជាង ៤០០០វត្ត នៅទូទាំងប្រទេស ដែលផ្ទុយស្រឡះពីការដឹកនាំក្នុងរបបវាលពិឃាត ប៉ុល ពត ដែលវិស័យសាសនាបានធ្លាក់ចុះដល់ចំនុចសូន្យ ហើយវត្តអារាមព្រះវិហារត្រូវបានបំផ្លិចបំផ្លាញស្ទើរទាំងស្រុង។
លោកក៏បានរំលឹកពីអនុស្សាវរីយ៍ និងការដឹងគុណយ៉ាងខ្លាំងចំពោះពុទ្ធសាសនាដែលបានអប់រំ និងផ្តល់ចំណេះដឹងជាច្រើនដល់រូបលោកផ្ទាល់ក៏ដូចជាឳពុករបស់លោក សម្តេចវិបុលបញ្ញា សុខ អាន ដែលធ្លាប់បានបួសរៀន និងស្នាក់អាស្រ័យមួយរយៈនៅទីវត្តអារាមក្នុងស្រុកគិរីវង់កន្លងមក។ បច្ចុប្បន្ន ស្រុកគិរីវង់មានការអភិវឌ្ឍយ៉ាងខ្លាំង ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ជាពិសេសក្នុងដំណាក់កាលនៃការដឹកនាំ និងការចង្អុលបង្ហាញរបស់សម្តេចវិបុលបញ្ញា សុខ អាន នាពេលកន្លងមក ស្រុកគិរីវង់ដែលជាស្រុកកំណើតរបស់សម្តេច ទទួលបានសមិទ្ធផលធំៗជាច្រើន ដែលបានរួមចំណែកជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ដូចជា តាមរយៈមូលនិធិគ្រូបង្រៀនបណ្ឌិតសភាចារ្យ សុខ អាន ស្រុកគិរីវង់ សហគមន៍កសិកម្ម និងសមិទ្ធផលជាហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើនទៀត រួមមាន វត្តអារាម ស្ពាន ថ្នល់ ប្រឡាយទឹក សាលារៀន ជាដើម។
ដោយមើលឃើញពីសារសំខាន់នៃទំនាក់ទំនងរវាងពុទ្ធចក្រ និងអាណាចក្រលោក សុខ សូកាន បានសង្ឃឹមយ៉ាងមុតមាំថា ផ្នែកពុទ្ធចក្រ និងផ្នែកអាណាចក្រ ដែលមានក្រុមការងារឃុំសោម អាជ្ញាធរមូលដ្ឋានស្រុកគិរីវង់ និងពុទ្ធបរិស័ទទាំងអស់ នឹងបន្តរួមសហការគាំទ្រគ្នាទៅវិញទៅមក ដើម្បីថែរក្សាសមិទ្ធផលដែលមានស្រាប់ និងបន្តកសាងសមិទ្ធផលថ្មីៗបន្ថែមទៀតដើម្បីជាប្រយោជន៍រួមរបស់ប្រជាពលរដ្ឋមូលដ្ឋាន ព្រោះអាណាចក្រក៏ទទួលបានផលប្រយោជន៍ផងដែរ នៅពេលពុទ្ធចក្រមានការរីកចំរើន តួយ៉ាងវត្តអារាមដែលជាអត្តសញ្ញាណជាតិខ្មែរ គឺជាទីកន្លែងសក្ការៈសម្រាប់ លោកតា លោកយាយ សុំសីល និងជាមជ្ឈមណ្ឌលសហគមន៍ ដែលផ្សព្វផ្សាយ វប្បធម៌ ចំណេះដឹង ទំនៀមទំលាប់ ប្រពៃណី និងអប់រំមនុស្សឲ្យធ្វើអំពើល្អប្រកបដោយសីលធម៌និងសុជីវធម៌ ជាដើម។
លោកក៏បានបញ្ជាក់បន្ថែមទៀតថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ អស់រយៈពេលជាង៣ទស្សវត្សរ៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសកម្ពុជាមានភាពម្ចាស់ការពេញលេញក្នុងការដឹកនាំជោគវាសនាដ៏ប្រពៃរបស់ខ្លួនដើម្បីស្វែងរកសន្តិភាព វឌ្ឍនភាព និងសេចក្តីថ្លៃថ្នូរ ជូនប្រជាជនខ្មែរគ្រប់រូបពោល គឺកម្ពុជាមានសន្តិភាពពេញលេញ មានឯករាជ្យភាព មានកំណើនសេដ្ឋកិច្ចខ្ពស់ និងមានប្រជាធិបតេយ្យពិតប្រាកដ។
លោកតំណាងរាស្រ្តរូបនេះក៏បានសំណូមពរដល់លោកតា លោកយាយ ប្រជាពលរដ្ឋ ក៏ដូចជាពុទ្ធបរិស័ទទាំងអស់ ឲ្យបន្តចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីបន្តថែរក្សាសន្តិភាព និងការរីកចំរើនដែលកំពុងកើតមានសព្វថ្ងៃទាំងក្នុងផែ្នកពុទ្ធចក្រនិងអាណាចក្រ និងដើម្បីអនាគតកូនចៅជំនាន់ក្រោយរបស់កម្ពុជា៕