(កំពត)៖ ពិតជាដំណឹងដ៏ល្អសម្រាប់អតិថិជននៅខេត្តកំពត ឥឡូវ ប្រាសាក់ មានផ្ដល់សេវាទូទាត់ថ្លៃប្រើប្រាស់អគ្គិសនីនៅខេត្តកំពត និងស្រុកកំពង់ត្រាច ចាប់ពីពេលនេះតទៅហើយ។
ហេតុនេះ អតិថិជនប្រាសាក់ទាំងអស់ដែលនៅទីរួមខេត្តកំពតនិងស្រុកកំពង់ត្រាច អាចធ្វើការទូទាត់វិក្កយបត្រភ្លើងបានយ៉ាងងាយស្រួល រហ័ស និងសុវត្ថិភាព តាមរយៈម៉ាស៊ីនអេធីអឹម សេវាធនាគារចល័ត និងសេវាម៉ាស៊ីនឆូតកាត នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ។
លោក សាយ សូនី នាយកប្រតិបត្តិគ្រប់គ្រងទីផ្សារនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ បានមានប្រសាសន៍ថា «នេះគឺជាការខិតខំរបស់ប្រាសាក់ដើម្បីផ្ដល់ជូននូវភាពងាយស្រួលសម្រាប់អតិថិជនដែលរស់នៅក្នុងទីរួមខេត្តកំពត និងស្រុកកំពង់ត្រាច ចាប់ពីឆ្នាំថ្មី ប្រពៃណីជាតិខ្មែរតទៅ។ តាមរយៈការដាក់ឲ្យដំណើរការសេវាទូទាត់ភ្លើងសម្រាប់ទីតាំងទាំងពីរនេះ អតិថិជននឹងមានភាពងាយស្រួលជាងមុន និងចំណេញពេលវេលា ដោយមិនបាច់ទៅបង់ដោយផ្ទាល់នៅកន្លែងបញ្ជរ»។
រហូតមកដល់ពេលនេះ ប្រាសាក់បានដាក់ឲ្យដំណើរការសេវាទូទាត់វិក្កយបត្រភ្លើងរបស់អគ្គិសនីកម្ពុជានៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពត និងស្រុកកំពង់ត្រាច។ ហើយអតិថិជនក៏អាចរីករាយក្នុងធ្វើប្រតិបត្តិការទូទាត់បានគ្រប់ពេលវេលា និងទីកន្លែង ជាមួយម៉ាស៊ីនអេធីអឹមចំនួនជិត១៣០ គ្រឿង គ្របដណ្តប់នៅទូទាំងប្រទេស សេវាធនាគារចល័តដែលធ្វើប្រតិបត្តិការតាមរយៈទូរស័ព្ទដៃ និងកំព្យូទ័រ ព្រមទាំងសេវាម៉ាស៊ីនឆូតកាតប្រាសាក់ដែលមានប្រតិបត្តិការទូទាំង 177 សាខា៕