(ភ្នំពេញ)៖ ប្រហែសបាត់ ប្រយ័ត្នគង់ ជាពាក្យចាស់បុរាណ បានដំណាលទុក រៀងមក សម្រាប់ទូន្មានក្រើនរំលឹក យើងគ្រប់គ្នា ឲ្យប្រយ័ត្នក្នុងការការពារទ្រព្យសម្បត្តិរៀងៗខ្លួន កុំបីមានការធ្វេសប្រហែស ដែលអាចនាំឲ្យកើតក្តីវិនាសអន្តរាយ។
ជាក់ស្តែងកាលពីយប់រំលងអាធ្រាត វេលាម៉ោង០០និង៣០នាទី ថ្ងៃទី១៧ ឈានចូល ១៨ ខែមេសា ឆ្នាំ២០១៨ ជនរងគ្រោះម្នាក់ឈ្មោះ ប៊ុន ណាត បានត្រឡប់មកពីធ្វើការពេលយប់ ចូលផ្ទះសម្រាក នៅចំណុចផ្ទះលេខ១៥៣១ ផ្លូវលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ពេលចូលដល់ក្នុងផ្ទះជនរងគ្រោះបានបិទទ្វារជិត តែមិនបានចាក់សោរទ្វារ ហើយចូលដេកបានប្រហែល០២ម៉ោង ភ្ញាក់បើកភ្នែកឡើង ក៏ក្រឡេកឃើញទ្វារផ្ទះរបើក និងសំលឹងមើលជុំវិញ ទើបដឹងថា ខ្លួនត្រូវបានចោរចូលផ្ទះ លួចយកទ្រព្យសម្បត្តិបាត់អស់ ក្នុងនោះរួមមាន ម៉ូតូ០១គ្រឿង ម៉ាកស៊ុយស៊ុយគីវីវ៉ា ស៊េរីឆ្នាំ២០១២ ស្លាកលេខ ភ្នំពេញ 1BG-4219, កាបូបមានលុយមួយចំនួន និង ទូរស័ព្ទ០៣គ្រឿង។ បន្ទាប់មកជនរងគ្រោះ ក៏បានរាយការណ៍ ជូនសមត្ថកិច្ចអាវុធហត្ថ។ រហូតដល់ម៉ោង០៦ និង០០ នាទីអាវុធហត្ថខណ្ឌទួលគោក បានឃាត់ខ្លួន ជនសង្ស័យម្នាក់ ឈ្មោះ លី សុធា ហៅ គី និងម៉ូតូវីវ៉ា ០១គ្រឿង គ្មានស្លាកលេខ ប្រគល់ជូនការិយាល័យជំនាញបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការស៊ើបអង្កេតនិងស្រាវជ្រាវបន្ត។
តាមវិធានការជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ និងចម្លើយសារភាពរបស់ជនសង្ស័យ ឈ្មោះ លី សុធា ហៅ គី បានឲ្យដឹងថា ម៉ូតូ០១គ្រឿង ម៉ាកវីវ៉ា ពិតជាម៉ូតូរបស់ជនរងគ្រោះ ឈ្មោះ ប៊ុន ណាត ពិតប្រាកដមែន ប៉ុន្តែស្លាកលេខ ត្រូវបានកាច់ចោលបាត់ហើយ។ ហើយម៉ូតូនេះឈ្មោះ ត្រេន ជាអ្នកលួច យកមកឲ្យឈ្មោះ លី សុធា ហៅ គី ដើម្បីរកកន្លែង ដាក់បញ្ចាំ។ ក្រោយពេលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ លី សុធា ហៅ គី ឈ្មោះត្រេង បានដឹងខ្លួន ក៏រត់គេចបាត់ស្រមោល។
រហូតមកដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨នេះ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានប្រគល់ម៉ូតូជូនដល់ម្ចាស់ដើមវិញ និងបានកសាងសំណុំរឿងបញ្ជូន ជនសង្ស័យទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ ឯជនសង្ស័យម្នាក់ទៀត ឈ្មោះ ត្រេន សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ ខ្លួនបន្ត។