(ភ្នំពេញ)៖ ឃ្លិបវីដេអូមួយមានរយៈពេលជិតមួយនាទីដែលថតពីសកម្មភាពបុរសម្នាក់ប្រើហឹង្សាវាយទាត់ធាក់តាមអំពើចិត្តទៅលើបុរសម្នាក់ដែលគេមើលទៅដូចជាមនុស្សមានវិប្បលាសស្មារតី(ជនវិកលចរិត)ត្រូវបានគេបាញ់ចូលក្នុងគ្រុប និងបង្ហោះតាមអនឡាញនានាធ្វើការរិះគន់នូវសកម្មភាពហឹង្សានេះ ហើយតាមប្រភពព័ត៌មាន តែនូវមិនទាន់ច្បាស់ការថា ជនដែលប្រើហឹង្សាលើជនវិកលចរិតនេះ មានតួនាទីជាទីប្រឹក្សានៅស្ថាប័នជាន់ខ្ពស់មួយមានឋានៈជាឯកឧត្តមទៀតផង។
យោងតាមប្រភពព័ត៌មានដែលគេផ្សព្វផ្សាយបានអោយដឹងថាករណីហឹង្សាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ កន្លងទៅនេះ ដែលជាថ្ងៃចូលឆ្នាំបង្ហើយ ស្ថិតនៅចំណុចផ្សារកុងតឺន័រ តាមបណ្តោយផ្លូវហ្សាដឺហ្គូល ខាងកើតអតីតស្តាតចាស់ ជាប់សណ្ឋាគារសូហ្វីថែលអង្គរ ទល់មុខសណ្ឋាគារតារាអង្គរ ក្រុងសៀមរាប ខេត្តសៀមរាប។ក្នុងនោះគេអះអាងថាជនបង្កហឹង្សាខាងលើមានឈ្មោះភ័ណ្ឌ ហើយតាមការស្ដាប់សំលេងជនបង្កនៅក្នុងឃ្លិបវីដេអូ ជនបង្ក ទំនងជាម្ចាស់ឬអ្នកមើលការខុសត្រូវផ្សារកុងតឺន័រនេះទៀតផង។
យោងតាមការស្ដាប់សំលេងនៅក្នុងឃ្លិបវីដេអូ ករណីហឹង្សានេះ ទំនងផ្ដើមចេញពីជនបង្កបានចោទថាជនរងគ្រោះដែលគេសង្ស័យថាជាជនវិកលចរិតនេះ ទៅបន្ទោបង់លាមកនៅក្បែររបងផ្សារ និងមុខបន្ទប់ដេករបស់ខ្លួន ពេលជនបង្កចេញមកឃើញក៏ធ្វើសកម្មភាពវាយតប់ទាត់ធាក់ទាំងកម្រោលតែម្ដងទៅ។ប៉ុន្តែរឿងហេតុពិតប្រាកដយ៉ាងណានោះគេនៅមិនទាន់ដឹងឡើយ ខណៈអ្នកបង្កហឹង្សាខាងលើ អង្គភាពព័ត៌មានFresh News មិនអាចរកអត្តសញ្ញាណពិតប្រាកដដើម្បីសួរនាំរឿងហេតុ ឬរបាយការណ៏ពីសមត្ថកិច្ចបញ្ជាក់ជាផ្លូវការបានឡើយនៅរសៀលថ្ងៃនេះ តែបើមើលតាមរូបភាពនៅក្នុងឃ្លិបវីដេអូ សមត្ថកិច្ចអាចស្រាវជ្រាវរកអត្តសញ្ញាណជនដៃដល់នាំយកមកសួរនាំនិងកសាងសំណុំរឿងចាត់ការតាមច្បាប់ប្រយោជន៏ទុកជាគំរូកុំអោយកើតមានហឹង្សាដូច្នេះទៀត ព្រោះមើលរូបភាពក្នុងឃ្លិបវីដេអូ សកម្មភាពហឹង្សាបែបនេះ គឺរំលោភច្បាប់ធ្ងន់ធ្ងរណាស់ទោះជនរងគ្រោះជាជនវិកលចរិតទៅបន្ទោបង់ដាក់មុខផ្ទះឬក្នុងដីរបស់ខ្លួនក៏ដោយ ក៏មិនត្រូវប្រើហឹង្សាដូច្នេះដែរ។
ខាងក្រោមនេះ ជាឃ្លិបវីដេអូដែលបង្ហាញពីអំពើហឹង្សាទៅលើជនមានវិប្បលាសស្មារតី(ជនវិកលចរិត)៖