Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ត្រីមាសទី១ឆ្នាំនេះ មានក្រុមហ៊ុនថ្មីចំនួន៣,៥៤៥ បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម កើនជិត១៦០ភាគរយ!

19-04-2018 17:51

(ភ្នំពេញ)៖ លោក ឱម តារារិទ្ធ ប្រធាននាយកដ្ឋានចុះបញ្ជី នៃក្រសួងពាណិជ្ជកម្ម បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨នេះថា ត្រីមាសទី១ ឆ្នាំ២០១៨នេះ មានក្រុមហ៊ុន និងសហគ្រាស សរុបចំនួន ៣,៥៤៥ បានទៅចុះបញ្ជីពាណិជ្ជកម្ម នៅក្រសួងពាណិជ្ជកម្ម ដែលចំនួននេះ កើនឡើងជិត ១៦០% ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

មន្ត្រីដដែលរូបនេះបានបញ្ជាក់ទៀតថា ការកើនឡើងយ៉ាងដូច្នេះ ដោយសារតែកត្ដា ស្ថិរភាពនយោបាយ, កំណើនសេដ្ឋកិច្ច, និងទីផ្សារធំទូលាយ ហើយពាណិជ្ជករ មានការទុកចិត្តនឹងការវិនិយោគនៅកម្ពុជា ដោយគ្មានការភ័យខ្លាច។

ប្រធាននាយកដ្ឋានចុះបញ្ជីនៃក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ក្រសួងពាណិជ្ជកម្ម សូមលើកទឹកចិត្ត និងជំរុញដល់ក្រុមហ៊ុន សហគ្រាសទាំងអស់ សូមមកចុះបញ្ជីពាណិជ្ជកម្ម ឲ្យបានត្រឹមត្រូវ ព្រោះថានេះគឺជាកាតព្វកិច្ច របស់ពាណិជ្ជករ និងក្រុមហ៊ុនទាំងអស់។

លោក ឱម តារារិទ្ធ បាននិយាយថា «នេះគឺជាកាតព្វកិច្ច តាមផ្លូវច្បាប់ ដែលតម្រូវឲ្យគាត់ ត្រូវចុះបញ្ជី...បើសិនជាពួកគាត់ មិនបានចុះបញ្ជីនោះទេ មានន័យថា ពួកគាត់ប្រកបអាជីវកម្ម មិនស្របច្បាប់ នៅក្នុងប្រទេសកម្ពុជា»

សូមបញ្ជាក់ថា គិតមកដល់ពេលនេះ មានក្រុមហ៊ុន សហគ្រាស ដែលបានចុះបញ្ជីត្រឹមត្រូវ និងស្របច្បាប់ សរុបចំនួនប្រមាណជាង៦ម៉ឺន ក្រុមហ៊ុន-សហគ្រាសហើយ៕