(ត្បូងឃ្មុំ)៖ លោក លី ឡេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ អមដំណើរដោយលោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា មន្ត្រីក្រុមប្រតិបត្តិសាខា អនុសាខាស្រុក នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨នេះ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនគ្រួសាររងគ្រោះចំនួន០៦គ្រួសារ ដោយគ្រោះអគ្គិភ័យឆេះផ្ទះអស់ ស្ថិតនៅភូមិទួលថ្មី ឃុំគរ ស្រុកត្បូងឃ្មុំ ។
ក្នុងឱកាសនោះ លោក លី ឡេង បានពាំនាំប្រសាសន៍បានផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីអាណិតអាសូរ និងការសោកស្តាយ ចំពោះឧបទ្ទវហេតុដែល បានបំផ្លាញលំនៅដ្ឋាន និងទ្រព្យសម្បត្តិរបស់គ្រួសាររងគ្រោះនោះ ដែលជានិច្ចកាល សម្ដេចតែងតែគិតគូសុខទុក្ខប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាកជនរងគ្រោះ ជនងាយរងគ្រោះ គ្រប់ប្រភេទដោយមិនប្រកាន់រើសអើង វណ្ណៈ ជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ស្របតាមប្រធានបទ «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា»។
ចំពោះអំណោយមនុស្សធម៌ក្នុង១គ្រួសារ ទទួលបានមាន៖ អង្ករ២៥គីឡូក្រាម, កៅស៊ូតង់១, កន្ទេល១, មុង១, ភួយ១, ខ្នើយ១, មី១កេស, ត្រីខ១០កំប៉ុង, ទឹកស៊ីអ៊ីវ១យួរ, ទឹកត្រី១យួរ, ទឹកសុទ្ធ២យួរ, សំភារៈផ្ទះបាយ ១សម្រាប់ និងថវិការចំនួន២០ម៉ឺនរៀល ។
បើតាមរបាយការណ៍ លោក កេង ប៊ុណ្ណា អភិបាលស្រុកត្បូងឃ្មុំ បានឱ្យដឹងថា ហេតុការណ៍នៃគ្រោះអគ្គិភ័យនេះ កើតឡើងនៅម៉ោង ១១៖០០នាទីព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ នៅចំនុចភូមិទួលថ្មី ឃុំគរ ស្រុកត្បូងឃ្មុំ បង្កឡើងដោយសារការឆ្លងចរន្តអគ្គិសនី ទុសេខ្សែភ្លើង បណ្តាលអោយឆេះរាលដាល ផ្ទះដែលនៅក្បែរគ្នាចំនួន៦ខ្នង ហើយភ្លាមៗរថយន្តពន្លត់អគ្គិភ័យ ចំនួន០៦គ្រឿង របស់ស្នងការនគរបាលខេត្តត្បូងឃ្មុំ, អធិការនគរបាលក្រុងសួង, ស្រុកតំបែរ, ស្រុកអូររាំងឪ, និងស្រុកក្រូចឆ្មារ ដោយប្រើប្រាស់ទឹកអស់២០រថយន្ត ទើបភ្លើងរលត់ទាំងស្រុងទៅវិញ ដោយឆេះខូចខាតសម្ភារៈអស់ទាំងស្រុង និងបណ្តាលអោយរងរបួសស្រាលម្នាក់ប៉ុណ្ណោះ ។
លោក អភិបាលស្រុក បានបន្តថា គ្រោះអគ្គិភ័យឆេះផ្ទះជនជាតិខ្មែរឥស្លាម ដែលផ្ទះសង់ពីឈើប្រក់ក្បឿង អស់ទាំងស្រុង រួមមាន៖
ទី១៖ ឈ្មោះ លី អ៉ីសា ភេទប្រុស អាយុ៦១ឆ្នាំ មានសមាជិក០៧នាក់ ផ្ទះទំហំ ៧ម៉ែត្រ គុណនឹង១១ម៉ែត្រ។
ទី២៖ ឈ្មោះ សុះ អ៉ីត ភេទប្រុស អាយុ៥៩ឆ្នាំ មានសមាជិក០៧នាក់ ផ្ទះទំហំ ៧ម៉ែត្រ គុណនឹង១១ម៉ែត្រ។
ទី៣៖ ឈ្មោះ អេល ប៉ាស៊ីយ៉ះ ភេទស្រី អាយុ៤២ឆ្នាំ មានសមាជិក០៦នាក់ ផ្ទះទំហំ ៧ម៉ែត្រ គុណនឹង១៥ម៉ែត្រ។
ទី៤៖ ឈ្មោះ សា យ៉េប ភេទប្រុស អាយុ៥៨ឆ្នាំ មានសមាជិក០៨នាក់ ផ្ទះទំហំ ៨ម៉ែត្រ គុណនឹង១២ម៉ែត្រ។
ទី៥៖ ឈ្មោះ ម៉ាត់ អ៉ីត ភេទប្រុស អាយុ៥១ឆ្នាំ មានសមាជិក០៧នាក់ ផ្ទះទំហំ ៧ម៉ែត្រ គុណនឹង១២ម៉ែត្រ។
ទី៦៖ ឈ្មោះ សុះ អាំម៉ី ភេទស្រី អាយុ៤០ឆ្នាំ មានសមាជិក០២នាក់ ផ្ទះទំហំ ៧ម៉ែត្រ គុណនឹង៩ម៉ែត្រ។
លោក បញ្ជាក់អោយដឹងទៀតថា ចំពោះសម្ភារៈដែលខូចខាតក្នុងគ្រោះអគ្គិភ័យនេះ រួមមាន៖ ផ្ទះចំនួន០៦ខ្នង, តូបលក់ឥវ៉ាន់០១, មាស៨,៨តម្លឹង, ផ្លាកទីន៥,៥តម្លឹង, ប្រាក់រៀល២០លានរៀល, ប្រាក់ដុល្លារ ២៣៥០០$, ប្រាក់ម៉ាឡេស៉ី ២៣០០០រង្គីត, ម៉ូតូ០៣គ្រឿង, កង់០៨គ្រឿង, ម៉ាស៊ីនបូមទឹក០៥គ្រឿង, ទូរទស្សន៍០៨គ្រឿង, ទូរស័ព្ទ០៥គ្រឿង សម្ភារៈប្រើប្រាស់ជាច្រើនទៀត៕