(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ១,៦៧៨គ្រឿង រកឃើញល្មើសច្បាប់ ៥០៣គ្រឿង (ម៉ូតូ១០០ភាគរយ) អប់រំ២២៤គ្រឿង និងផាកពិន័យ ២៧៩គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៩ ខែមេសានេះ ត្រួតពិនិត្យរួមបានចំនួន ៧១៦គ្រឿង អប់រំ១២គ្រឿង និងផាកពិន័យចំនួន ២៩៧គ្រឿង។

ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បាន យានយន្ត ៤៤០គ្រឿងដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៩ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៩ ខែមេសានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៤៥,២២៩គ្រឿង រកឃើញយានយន្តល្មើស ៧,១៩៧(ម៉ូតូ៩៨ភាគរយ) ក្នុងនោះអប់រំ ៣,២៨០គ្រឿង និងផាកពិន័យ ៣,៩១៧គ្រឿង៕