(ភ្នំពេញ)៖ លោក ខៀវ សុភ័គ​ អតីតអ្នកសារព័ត៌មានជើងចាស់មួយរូប ដែលបច្ចុប្បន្នជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានដាស់តឿនអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី ឱ្យមានគំនិតជាតិនិយមឡើង ដោយមិនត្រូវគិតតែពីបម្រើផលប្រយោជន៍បរទេសនោះទេ។ លោកថ្លែងថា ក្នុងនាមអ្នកសារព័ត៌មានមិនថា នៅប្រទេសណាទេ គឺត្រូវប្រកាន់ខ្ជាប់នូវជាតិនិយម​ឱ្យបានខ្ពស់បំផុត។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨នេះថា អ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីម្នាក់ កាលពីយប់មិញនេះ បានព្យាយាមចោទជាសំណួរមកកាន់រូបលោក ដែលបង្កប់ដោយឧប្បាយកលនយោបាយបម្រើបរទេស ដើម្បីញុះញង់ ឌឺដងដល់រដ្ឋាភិបាលកម្ពុជា។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា «សម្រាប់អ្នកកាសែត ជនជាតិណាក៏ដោយ ក៏អ្នកកាសែតហ្នឹងត្រូវតែមានមនសិការស្រឡាញ់ជាតិផង ប្រទេសគេច្រើនណាស់ អាមេរិកក៏គេមានមនសិការ ស្រឡាញ់ជាតិអាមេរិកដែរ ប៉ុន្តែខ្ញុំសោកស្តាយណាស់ ដែលអ្នកកាសែតអាស៊ីសេរី មិនស្រឡាញ់ជាតិ គួររៀនកាសែតឡើងវិញ»

ការដាស់តឿនដល់ អ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី ឱ្យមានគំនិតជាតិនិយម ចេះស្រលាញ់ជាតិខ្មែរនេះ បានធ្វើឡើងបន្ទាប់ពីអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី ព្យាយាមបាញ់សំណួរចោទរូបលោក ឱ្យឆ្លើយអំពីចំណាត់ការ ក្រសួងមហាផ្ទៃកម្ពុជា ចំពោះទណ្ឌិត សម រង្ស៊ី ដែលកំពុងបង្ហាញវត្តមាន នៅក្នុងប្រទេសឥណ្ឌនេស៊ី ដែលជាសមាជិកអាស៊ាន។ អ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី បានភ្ជាប់នូវការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន កាលពីខែកុម្ភៈ ដោយព្រមានធ្វើកិច្ចសហប្រតិបត្តិការការចាប់ខ្លួនលោក សម រង្ស៊ី ​បើ​សិន​ជា​ចូល​មក​ក្នុង​ប្រទេស​ណា​មួយ​ក្នុង​តំបន់​អាស៊ី​។

ការចោទ ជាសំណួរបែបនេះ ក៏ធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី បានបង្ហោះសារ និងរូបភាពមួយចំនួន កាលពីពេលថ្មីៗនេះ ដើម្បីឌឺដងដាក់រដ្ឋាភិបាល និងសមត្ថកិច្ចកម្ពុជាថា លោកបាន និងកំពុងចូលកាន់កៀកនឹងប្រទេសកម្ពុជា តាមរយៈការបង្ហាញវត្តមាន នៅប្រទេសជប៉ុនដែលជាម្ចាស់ជំនួយដល់កម្ពុជា និងប្រទេសឥណ្ឌូនេស៊ី ដែលជាសហប្រធាន នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ប៉ុន្តែមិនទាន់ត្រូវចាប់ខ្លួនបាននៅឡើយ។

ទាក់ទងនឹងករណីនេះ លោក ឆាយ សុផល សាស្រ្តាចារ្យព័ត៌មាន និងទំនាក់ទំនងយល់ថា អ្នកសារព័ត៌មានត្រូវមានគំនិតជាតិនិយមផង និងវិជ្ជាជីវៈផង។ អ្នកសារព័ត៌មានត្រូវប្រើសាធារណជន តាមប្រមាញ់ព័ត៌មាន ក៏ប៉ុន្តែមិនត្រូវផ្សាយឱ្យប៉ះពាល់ ឬបង្កចលាចលដល់ជាតិ ឬបង្កជាហិង្សាឡើយ។

លោកថ្លែងយ៉ាងដូច្នេះថា៖ «អ្នកសារព័ត៌មានគឺជាឆ្មាំទ្វារ ឆ្មាំព័ត៌មាន ហើយត្រូវដឹងថា ព័ត៌មានណាត្រូវបញ្ចេញ ព័ត៌មានណាមិនត្រូវបញ្ចេញ។ កាលណាព័ត៌មានណារសើប ធ្វើឱ្យច្របូកច្របល់ ចលាចល អ្នកសារព័ត៌មានក៏អាចមិនផ្សាយដែរពេលខ្លះ ព្រោះកាលណាផ្សាយទៅនាំឱ្យមានភាពច្របូកច្របល់ បង្កើតជាចលាចល បង្កជម្លោះហិង្សាពីសហគមន៍មួយទៅសហគមន៍មួយ ពីគណបក្សមួយទៅគណបក្សមួយ ឬពីប្រទេសមួយទៅប្រទេសមួយ»