(កំពងស្ពឺ)៖ នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨នេះ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបន្តអញ្ជើញបំពាក់មេដាយការពារជាតិ ជូនបងប្អូនអតីតយុទ្ធជន នៅក្នុងស្រុកគង់ពិសី ចំនួន៧២៣នាក់ បន្ទាប់ពីព្រឹកមិញបានបំពាក់មេដាយជូនបងប្អូនអតីតយុទ្ធជនជាង៧០០នាក់រួចហើយ នៅស្រុកឧដុង្គនោះ។

នៅក្នុងឱកាសនេះក៏មានការចូលរួមពីលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ជាប្រធានកិត្តយសសមាគមអតីតយុទ្ធជនខេត្ត, ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក, ជាមេបញ្ជាការយោធភូមិភាគទី៣ និងជាសមាជិកអចន្ត្រៃយ៍សមាគមអតីតយុទ្ធជនកម្ពុជា, ឧត្តមសេនីយ៍ត្រី ជូ សារុន ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ស្ពឺ ព្រមទាំងមន្រ្តីពាក់ព័ន្ធ ជាច្រើននាក់ផ្សេងទៀតផងដែរ។

នៅក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី ជម្រាបជូនទៅអតីតយុទ្ធជន និងប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺថា សម្តេចតេជោ ហ៊ុន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក៏ជាជនពិការដោយសារភ្លើងសង្គ្រាមដូចគ្នា។

លោក ហ៊ុន ម៉ានី បានថ្លែងយ៉ាងដូច្នេះថា «សម្តេច ហ៊ុន សែន គឺជានាយករដ្ឋមន្ត្រីដែលឆ្លងកាត់សង្គ្រាមគ្រប់ជ្រុង ក្នុងនោះសម្តេច ក៏ជាជនពិការភ្នែកដោយសារសង្គ្រាមនៅក្នុងប្រទេសដែរ មិនតែប៉ុណ្ណោះ រាល់បេសកម្មរបស់សម្តេច ក្នុងឋានៈជាអ្នកដឹកនាំប្រទេសតែងតែជួប អ្នកវិនិយោគ តាមបណ្តាប្រទេសជាច្រើន លើពិភពលោកដើម្បីស្វែងរកដៃគូរវិនិយោគមកកាន់កម្ពុជា ឱ្យពលរដ្ឋមានការងារធ្វើទទួលបានប្រាក់ខែខ្ពស់»

លោក ហ៊ុន ម៉ានី បានបន្តថា គណបក្សប្រជាជនដឹកនាំប្រទេស មិនប្រកាន់និន្នានយោបាយណាទេ ហើយសព្វថ្ងៃនេះមានអ្នកនយោបាយណា ចុះជួយដោយផ្ទាល់ និងដល់មូលដ្ឋាន ដូចគណបក្សប្រជាជនទេ? ដោយឡែកមួយទៀត បើយើងគិតត្រឹម៥ឆ្នាំកន្លងមកនេះ តើមានបក្សនយោបាយណា ចុះជួយបងប្អូនអតីតយុទ្ធជនដែរទេ? នេះយើងមិនគិតដល់ជាង៤០ឆ្នាំកន្លងមកផង។

លោក វ៉ី សំណាង បានថ្លែងថា ដោយសារតែពាក្យ (ដូរមិនដូរ) នេះបានឱ្យប្រទេសធ្លាក់ចូលក្នុងភ្លើងសង្គ្រាម និងបានបន្សល់ទុកពុកម៉ែបងប្អូនក្លាយជាជនពិការ កំព្រា ស្ត្រីមេម៉ាយ ដល់សព្វថ្ងៃមិនអាចបំភ្លេចឡើយ។ លោកអភិបាលបានបញ្ជាក់ថា ក្រោយពីបងប្អូនគ្រួសារអតីតយុទ្ធជនងាកមកជឿលើរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជន ទើបកន្លងមកនេះ បងប្អូនបានបោះឆ្នោត ជូនគណបក្សប្រជាជនឈ្នះភ្លូកទឹកភ្លូកដី។

ឧត្តមសេនីយ៍ត្រី ជូ សារុន ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ស្ពឺ បានថ្លែងថា អតីតយុទ្ធជនកំពុងទទួលរបបទូទាំងខេត្តកំពង់ស្ពឺ ចំនួន៥៤១០នាក់ ក្នុងនោះបានធ្វើបច្ចុប្បន្នភាពរកឃើញ គ្រួសារជួបការលំបាកចំនួន១៩៨គ្រួសារ គ្រួសារក្រីក្រចំនួន២២៤២គ្រួសារ គ្រួសារមានដីគ្មានផ្ទះចំនួន៣៣០គ្រួសារ និងគ្រួសារអត់ដីអត់ផ្ទះចំនួន៤១០គ្រួសារ។

ឧត្តមសេនីយ៍ត្រី ជូ សារុន បានបន្តថា បានសាងសង់ផ្ទះជូនគ្រួសារអតីតយុទ្ធជនបានចំនួន០៧ខ្នង ក្នុងនោះថវិកាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចំនួន០៦ខ្នង និងថវិកាសប្បុរសជនចំនួន០១ខ្នង ត្រូវបានប្រគល់ជូនរួចរាល់។ ហើយសមាគមនបានស្នើសុំចុះបញ្ជីដីសម្បទាន សង្គមកិច្ចមានចំនួន១២៩០នាក់ ។

លោកប្រធាន បានបញ្ជាក់ថា គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ស្ពឺ មានការខិតខំបំពេញតួនាទី និងសហការណ៍ ជាបណ្តាអង្គភាពពាក់ព័ន្ធបានប្រសើរ និងមានការយល់ដឹងខ្ពស់ពីបងប្អូនអតីតយុទ្ធជនយើងផងដែរ។ នៅចំពោះមុខក្រុមការងារសមាគម បានបន្តចុះជួប និងទំនាក់ទំនងជាមួយគ្រួសារអតីតយុទ្ធជន ក្នុងនោះបានអប់រំពួកគាត់ឱ្យមានការជឿជាក់ ស្មោះត្រង់ មកលើរាជរដ្ឋាភិបាលផងដែរ។

សូមបញ្ជាក់ថា លោក ហ៊ុន ម៉ានី បានបំពាក់មេដាយការពារជាតិជូនបងប្អូនសមាជិកអតីតយុទ្ធសរុប១២៦៩នាក់ ក្នុងនោះ មេដាយការពារជាតិ មាសចំនួន០១ មេដាយការពារជាតិ ប្រាក់៦៧៩ មេដាយការពារជាតិសំរិទ្ធចំនួន៧១០ ធ្វើឡើងចំនួន០២ស្រុក ឧដុង្គព្រឹកមិញ និងស្រុកគងពិសីពេលរសៀលនេះ៕