(កំពង់ឆ្នាំង)៖ ដោយសាតែអ្នកបើកបររថយន្តម៉ាក FUSO ទំនងជាងងុយដេក ទើបមិនអាចគ្រប់គ្រងស្ថានការបាន ក៏រ៉េចង្កូត បុករះម៉ូតូ៥គ្រឿង និងបន្តបុករថយន្តម៉ាក Highlander ១គ្រឿងទៀត បណ្ដាលឱ្យក្មេងប្រុស ម្នាក់បានស្លាប់ និងបុរស ២នាក់រងរបួសធ្ងន់ និងស្រាល នៅម៉ោង៨៖១៥នាទីព្រឹក នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨នេះ ស្ថិតនៅលើផ្លូវជាតិលេខ៥ ភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។
លោក ឈឹម សារុន នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ដោយម្ចាស់រថយន្តប្រភេទ FUSO ដែលបើកបរយ៉ាងលឿន ធ្វើឲ្យបុករះរថយន្ត Highlander ចំនួន ១គ្រឿងនិងម៉ូតូចំនួន៥គ្រឿង បណ្តាលឲ្យក្មេងប្រុសស្លាប់ម្នាក់ និងបុរស ២នាក់ រងរបួសធ្ងន់ស្រាល។
រថយន្តបង្កប្រភេទ FUSO ពាក់ស្លាកលេខ តាកែវ 3A-0844 ដឹកជ្រូក និងរថយន្តដែលរងគ្រោះប្រភេទ Highlander ពាក់ស្លាកលេខភ្នំពេញ 2AC-4228 ។ ចំណែកម៉ូតូរងការខូចខាតទី១៖ Honda Dream ២០១៥ ពាក់ស្លាកលេខកំពង់ឆ្នាំង 1D-3649 ទី២៖ Honda Dream ២០១១ ពាក់ស្លាកលេខពោធិ៍សាត់1C-8120 ទី៣៖ សេរី ២០១៤ ទី៤៖ អត់ស្លាកលេខ និងទី៥៖ សេរី២០១៦ អត់ស្លាកលេខ។
អ្នកបើកបររថយន្តFUSO ឈ្មោះ ប៊ុន លីម ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិតាណៃ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ត្រូវបានសមត្ថកិច្ច ចាប់ឃាត់ខ្លួនក្រោយកើតហេតុភ្លាមៗ។
អ្នករងរបួស ត្រូវបានសាច់ញាតិ បញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដោយឡែកសាកសពក្មេងរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យ ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
វត្ថុតាងរថយន្ដ និងម៉ូតូដែលរងការខូចខាត ត្រូវសមត្ថកិច្ចនគបាលស្ទូចយកមករក្សាទុក នៅអធិការស្រុកបរិបូរណ៍ ដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយ៕