(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានគណៈកម្មាធិការបច្ចេកទេស ជំរឿនទូទៅប្រជាជននៅកម្ពុជា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨នេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មាការបច្ចេកទេស ជំរឿនទូទៅប្រជាជននៅកម្ពុជា ឆ្នាំ២០១៩ ជាលើកទី២ ដែលរៀបចំធ្វើឡើងនាទីស្តីការក្រសួងផែនការ។
ក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីលោកស្រី ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកវិទ្យាស្ថានជាតិស្ថិតិ និងទទួលបន្ទុកអគ្គនាយកជំរឿន, រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកផែនការ, អគ្គលេខាធិការប្រជាជន និងការអភិវឌ្ឍន៍។
ជាមួយគ្នានោះ ក៏មានការអញ្ជើញចូលរួមពី តំណាងក្រសួងមហាផ្ទៃ, តំណាងក្រសួងដែនដី នគរូបនីយកម្ម និងសំណង់, តំណាងUNFPA ព្រមទាំង អគ្គនាយករង មន្ត្រីបច្ចេកទេសជំរឿន នៃវិទ្យាស្ថានជាតិស្ថិតិផងដែរ។ កិច្ចប្រជុំគណៈកម្មាធិការបច្ចេកទេសជំរឿន លើកទី២នេះ ក្នុងគោលបំណងពិនិត្យ និងអនុម័ត ជាចុងក្រោយ លើតារាងសំណួរជំរឿន មុននឹងធ្វើជំរឿននាំមុខ នាដើមខែឧសភា ខាងមុខនេះ។
គួសបញ្ជាក់ផងដែរថា កាលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ គណៈកម្មាការបច្ចេកទេសជំរឿនទូទៅប្រជាជន បានរៀបចំកិច្ចប្រជុំលើកទី១រួចមកហើយ ដែលក្នុងនោះ បានជម្រាបជូន អំពីវឌ្ឍនៈភាពជំរឿន ឆ្នាំ២០១៩ ដែលមាន៖
* បានរៀបចំផែនការសកម្មភាព និងប៉ាន់ស្មានថវិកាជំរឿន
* បានរៀបចំសិក្ខាសាលា ស្វែងរកការឧបត្ថម្ភចំនួន២លើក និងកិច្ចប្រជុំតូចៗ ជាមួយដៃគូរច្រើនលើក
* បានរៀបចំសម្របសម្រួលថវិកាជំរឿនជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
* បានទំនាក់ទំនងជាមួយស្ថានទូតចិន ដើម្បីស្នើសុំការឧបត្ថម្ភ
* បានបង្កើតគណៈកម្មាធិការជាតិជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជាដែលមានសម្តេចក្រឡាហោម ស ខេង ជាប្រធាន និងបានប្រជុំលើកទី១ កាលពីថ្ងៃទី១ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧
* បានរៀបចំផែនការសកម្មភាពជំរឿនសារជាថ្មីឡើងវិញ
* បានរៀបចំតារាងសំណួរជំរឿន ទំរង់ ក និង ខ តារាងសង្ខេបផ្សេងៗ ព្រមទាំងសេចក្តីណែនាំ បង្រៀន សម្ភាសន៍ ត្រួតពិនិត្យ
* បានរៀបចំសេចក្តីណែនាំសម្រាប់គូសផែនទីមណ្ឌលជំរឿន និងបានបញ្ជូនមន្ត្រីចុះគូសផែនទីមណ្ឌលជំរឿនទូទាំងប្រទេសរួចរាល់
* បានបញ្ជូនមន្ត្រីចុះជំរឿនសាកល្បងតារាងសំណួរម្តងរួចហើយ
* បានរៀបចំ និងបង្កើតគណៈកម្មាការបច្ចេកទេសជំរឿន និងប្រកាសសមាសភាពគណៈកម្មាការ
* បានកែសម្រួលតារាងសំណួរជំរឿនឡើងវិញ ក្រោយពីចុះសម្ភាសន៍សាកល្បង និងយោងតាមអនុសាសន៍របស់អង្គការសហប្រជាជាតិ សម្រាប់ជំរឿនជុំ២០២០៕