(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨នេះ បានបន្ដចុះសួរសុខទុក្ខប្រជាពលរដ្ឋ ក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ព្រមទាំងពិនិត្យផ្លូវបេតុងមួយខ្សែ ប្រវែងសរុប១៤០០ម៉ែត្រ ទទឹង៦ម៉ែត្រ។
ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ បានធ្វើការផ្តាំផ្ញើរការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋទាំងអស់ និងបានលើកឡើងពីការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ ពីមួយថ្ងៃទៅមួយថ្ងៃ របស់ប្រទេសជាតិក្រោមដំបូលសន្តិភាព របស់រដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ជាក់ស្តែងថ្ងៃនេះ ផ្លូវបេតុង១ខ្សែ ត្រូវបានស្ថាបរួច និងដាក់ឲ្យប្រើប្រាស់ជូនពលរដ្ឋផងដែរ។
បើតាមលោកអភិបាលខណ្ឌ ផ្លូវបេតុង០១ខ្សែនេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិ ក៏ដូចជាប្រជាពលរដ្ឋក្នុងសង្កាត់ព្រៃសទាំងមូល ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ អាចប្រកបរបរទទួលទាន បានបានស្រួល មានផាសុខភាពក្នុងការរស់នៅ និងមានជីវភាពធូរធា៕