(បន្ទាយមានជ័យ)៖ បន្ទាប់ពីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃត្រូវបានបញ្ចប់ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ចាប់ពីថ្ងៃទី១៧-១៩ ខែមេសា ឆ្នាំ២០១៨ ពលករខ្មែរប្រុសស្រីរាប់សិបនាក់ កំពុងសម្រុកចេញទៅប្រទេសថៃវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីទៅបំពេញការងាររៀងខ្លួនៗ។
លោកឧត្តមសេនីយ៍ត្រី ស៊ឹម សំអាត ប្រធាននគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឲ្យដឹង នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ នេះថា ក្រោយថ្ងៃបុណ្យចូលឆ្នាំខ្មែរបានបញ្ចប់ មានពលករខ្មែរស្របច្បាប់ជាច្រើននាក់ បានចេញទៅធ្វើការងារនៅប្រទេសថៃ តាមរយៈការធ្វើបែបបទដោយស្របច្បាប់ ហើយការធ្វើបែបបទចេញពីប្រទេសនេះ គឺមិនមានការបង់ប្រាក់កាក់អ្វីនោះទេ ពោលគឺបើកឲ្យប្រជាពលរដ្ឋទូទៅំ មានឱកាសបំពេញឯកសារ ឬសំណុំបែបបទស្នើសុំផ្សេងៗ ដោយខ្លួនឯង ខុសពីពេលមុនៗ ដែលមានជនខិលខូចមួយចំនួន បានលួចយកលុយក្រៅសេវា (បំពេញឯកសារផ្សេងៗ ជាថ្នូរនឹងការបំពេញបែបបទ រត់ការឯកសារ ឬប្រថាប់ត្រា ដើម្បីបានលឿននិងរហ័សជាដើម) ហើយការលុបបំបាត់ ការយកលុយក្រៅសេវានេះ លោកបានចាប់ផ្តើមរឹតបន្តឹងតាំងពីមុនថ្ងៃចូលឆ្នាំមក។
លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត បានថ្លែងថា បញ្ហាមានករណី ការយកលុយកាក់ពីពលករខ្មែរ លោកបានទទួលព័ត៌មានហើយ ។ លោកបានបន្តថា រដ្ឋបាលបានចុះទៅពិនិត្យ ហើយបានបញ្ឈប់ កុំឲ្យមានទង្វើបែបនេះ កើតឡើងតទៅទៀត៕