(ភ្នំពេញ)៖ រដ្ឋាភិបាលតួកគី បានចាត់ទុកថា វិធានការរបស់ប្រទេសកម្ពុជាកន្លងមក ចំពោះអតីតគណបក្សប្រឆាំង រួមទាំងវិធានការផ្សេងៗ គឺជាបញ្ហាផ្ទៃក្នុងរបស់ប្រទេសកម្ពុជា ដើម្បីការពារសន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍ។
ប្រមុខការទូតកម្ពុជា លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨នេះ បានបង្ហាញនូវសប្បាយរីករាយ និងថ្លែងអំណរគុណចំពោះជំហរច្បាស់លាស់របស់រដ្ឋាភិបាលតួកគីបែបនេះ។
ការបង្ហាញជំហររបស់រដ្ឋាភិបាលតួកគី និងការថ្លែងអំណរគុណរបស់ លោកទេសរដ្ឋមន្រ្ដី ប្រាក់ សុខុន បែបនេះ បានធ្វើឡើងក្នុងឱកាសដែលលោកទេសរដ្ឋមន្រ្តី អនុញ្ញាតឲ្យ លោកស្រី Ayda Ünlü ឯកអគ្គរដ្ឋទូតថ្មីរបស់តួកគីប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨។
លោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយកិច្ចពិភាក្សារវាង លោកទេសរដ្ឋមន្រ្ដី ប្រាក់ សុខុន ជាមួយឯកអគ្គរដ្ឋទូតតួកគីថ្មី យ៉ាងដូច្នេះថា៖ «ឯកឧត្តមទេសរដ្ឋមន្រ្ដី ប្រាក់ សុខុន ថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលតួកគី ដែលបានបង្ហាញជំហរយ៉ាងច្បាស់លាស់ គោរពនូវអធិបតេយ្យភាព និងគោរពនូវឯករាជ្យរបស់កម្ពុជា»។
អ្នកនាំពាក្យក្រសួងការបរទេសរូបនេះ បានបន្ថែមទៀតថា នៅក្នុងជំនួបនោះ គឺអគ្គរដ្ឋទូតតួកគី បានអះអាងថា រដ្ឋាភិបាលតួកគី បានចាត់ទុកថា ការចាត់វិធានការរបស់អាជ្ញាធរ មានសមត្ថកិច្ចកម្ពុជា ក្នុងរយៈកាលកន្លងមក ដែលសំដៅការពារ នូវសន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍកម្ពុជា គឺជាបញ្ហាផ្ទៃក្នុងរបស់កម្ពុជា៕