(ក្រចេះ)៖ ក្រុមអ្នករត់ម៉ូតូឌុប នៅក្នុងខេត្តក្រចេះ បានចេញមុខទាមទារឱ្យ លោក សម រង្ស៊ី បញ្ឈប់សកម្មភាពនយោបាយរបស់ខ្លួនតទៅទៀត ដោយសារតែសកម្មភាព របស់ទណ្ឌិតរូបនេះ តែងបង្កើតជារឿងក្បត់ជាតិដូចជា ការចុះកិច្ចព្រមព្រៀង កាត់ទឹកដីកម្ពុជា ឱ្យទៅជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ាជាដើម។
ការប្រតិកម្មរបស់អ្នករត់ម៉ូតូឌុបនៅខេត្តក្រចេះ បានធ្វើឡើង ក្រោយរឿងកាត់ទឹកដីកម្ពុជា ទៅឱ្យជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ារបស់ លោក សម រង្ស៊ី បានផ្ទុះនៅពេលសកម្មជនប្រឆាំង ទម្លាយវីដេអូនៃចុះកិច្ចព្រមព្រៀងកាលពី៥ឆ្នាំមុន ដែលធ្វើឡើងដោយលោក សម រង្ស៊ី និង លោក កុក ស មេដឹកនាំជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ា។
លោក ស ជាអ្នករត់ម៉ូតូឌុប នៅខេត្តក្រចេះ បាននិយាយថា រូបគេ រួមទាំងអ្នករត់ម៉ូតូឌុបដទៃទៀត នៅក្នុងខេត្តក្រចេះ មានការឈឺចាប់ក្នុងនាមជាខ្មែរ ដោយសារតែ លោក សម រង្ស៊ី ចុះកិច្ចព្រមព្រៀងកាត់ទឹកដីរបស់គាត់រស់នៅ ទៅឱ្យជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ា។ លោកបានបន្តថា ជនជាតិម៉ុងតាញ៉ានេះ មិនមែនជាជនជាតិខ្មែរនោះទេ។
អ្នករត់ម៉ូតូឌុបរូបនេះ ក៏បានស្នើឱ្យតុលាការ ធ្វើយ៉ាងណាកាត់ទោសលោក សម រង្ស៊ី ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ព្រោះគាត់ជាជនក្បត់ជាតិសុទ្ធសាធ មិនត្រូវលើកលែង ឡើយ។ ជាមួយគ្នានេះ លោករួមទាំងអ្នករត់ម៉ូតូឌុបផ្សេងទៀត ចេញមុខប្រឆាំងដាច់ខាត មិនឱ្យកាត់ទឹកដីខ្មែរឱ្យទៅជនជាតិភាគតិចវៀតណាមរបស់លោក សម រង្ស៊ី បានសម្រេចទេ ហើយថាលោក សម រង្ស៊ី មិនអាចធ្វើជាមេដឹកនាំបានទេ ដោយសារតែប្រព្រឹត្តិទង្វើក្បត់ជាតិ។
សូមបញ្ជាក់ថា នៅក្នុងវីដេអូបង្ហាញពីកិច្ចព្រមព្រៀងកន្លងមក លោក សម រង្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលបក្សសង្គ្រោះជាតិ ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លោកនឹងកាត់ខេត្តចំនួន៤ ក្នុងនោះរួមមាន៖ ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង និងខេត្តក្រចេះ ឱ្យជនជាតិភាគតិចវៀតណាម Degar ឬម៉ុងតាញ៉ា គ្រប់គ្រងដោយស្វ័យភាព។ ជាមួយគ្នានេះ តាមរយៈកិច្ចសម្ភាសន៍ជាមួយកាសែតភ្នំពេញប៉ុស្តិ៍ លោក សម រង្ស៊ី ពុំបានខ្លាចច្បាប់នោះទេ ថែមទាំងបានសារភាពថា លោកពិតជាបានចុះហត្ថលេខាជាមួយ លោក Kok Ksor នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៣នោះ ពិតប្រាកដមែន។
ពាក់ព័ន្ធករណីនេះតំណាងអយ្យការ ក៏បានចេញដីកាកោះហៅលោក សម រង្ស៊ី ឱ្យចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះផងដែរ ខណៈដែលជនសង្ស័យ ដែលមានឈ្មោះជាទណ្ឌិត កំពុងរត់គេចពីសំណាញ់ច្បាប់នៅក្រៅប្រទេសនៅឡើយ៕