(ព្រៃវែង)៖ នៅថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក២៥៦២ ត្រូវ និងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោយ លោក ចាន់ អ៊ាន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការរង ស.អ.ក បានអញ្ជើញចុះជួបសំណេះសំណាល និងបំពាក់មេដាយការពារជាតិ ជូនសមាជិកអតីតយុទ្ធជន មកពីស្រុកចំនួន៣របស់ខេត្តព្រៃវែង រួមមាន៖ ស្រុកស្វាយអន្ទរ ស្រុកកញ្ជ្រៀច និងស្រុកស៊ីធរកណ្តាល ដែលមានចំនួនសរុប៧០៣នាក់។
នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ គន់ គីម ដែលបានចំណាយពេលស្ទើររាល់ថ្ងៃ ដើម្បីជួបជាមួយអតីតយុទ្ធជនទូទាំងប្រទេសនោះ បានទទូចដល់អតីតយុទ្ធជនទាំងថា វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន សម្រាប់ដំណែងជានាយករដ្ឋមន្រ្តី នឹងបន្តនាំមកនូវវឌ្ឍនភាព វិបុលភាព និងសេចក្តីសុខសម្រាប់ជាតិ និងប្រជាពលរដ្ឋគ្រប់រូប ព្រមទាំងអំពាវនាវដល់អតីតយុទ្ធជនទាំងអស់នោះ អញ្ជើញទៅចូលរួមបោះឆ្នោត ជូនគណបក្សប្រជាជន កម្ពុជាបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ គឺដើម្បីរក្សាបាននូវសុខសន្តិភាពលើដែនដីកម្ពុជា ដែលជាមរតក នៃកិច្ចខិតខំប្រឹងប្រែងរបស់អតីតយុទ្ធជនគ្រប់រូប។
នាយឧត្តមសេនីយ៍ គន់ គីម បានយ៉ាងដូច្នេះ «អតីតយុទ្ធជនយើងទាំងអស់ត្រូវជឿជាក់ ស្មោះស្ម័គ្រ គាំទ្រការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងជាប្រធានសមាគមអតីត យុទ្ធជនកម្ពុជា ហើយត្រូវប្តេជ្ញាការពារឲ្យបានគង់វង់នូវមរតកសន្តិភាព ដែលបានមកពីការលះបង់ដ៏ធំធេងរបស់បងប្អូនក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ»។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ គន់ គីម បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខនឹករលឹកពីសម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដោយលោកជាប់រវល់មមាញឹកក្នុងការងា ហេតុនេះសម្តេច បានឲ្យលោក ជាអគ្គលេខាធិការសមាគម មកជួបជំនួស។
ឆ្លៀតក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ក៏បានកោតសសើរចំពោះការខិតខំបំពេញការងាររបស់ថ្នាក់ដឹកនាំ ស.អ.ក គ្រប់ថ្នាក់នៅក្នុងស្រុក ដែលបានយកចិត្តទុកដាក់គិតគូពីសុខទុក្ខ និងជីវភាពរបស់សមាជិក ស.អ.ក ព្រមទាំងបានធ្វើផ្ទះជូនអ្នកមានជីវភាពទ័លក្រ១១ខ្នង និងមានគម្រោងសង់ថែម១២ខ្នងទៀត។
ជាថ្មីម្តងទៀត នាយឧត្តមសេនីយ៍ បានជម្រុញឲ្យថ្នាក់ដឹកនាំ ស.អ.ក យើងបន្តការខិតខំនេះបន្ថែមទៀត ជាពិសេសពេលបងប្អូនយើងមានធុរៈ ឬជម្ងឺត្រូវចាត់ចែងជួយពួកគាត់ឲ្យបានទាន់ពេលវេលា ពេលមានកម្មវិធីអ្វីដែលមានការឧបត្ថម្ភ ឬចែកអំណោយត្រូវដាក់ឈ្មោះបងប្អូន ស.អ.ក ចូលផង កុំភ្លេចពួកគាត់ ដោយឡែកចំពោះបងប្អូនក្រីក្រចំនួន៣៤០គ្រួសារនៅទូទាំងខេត្ត សូមឲ្យ ស.អ.ក ខេត្ត ពិនិត្យ នឹងបញ្ជាក់ជូនពួកគាត់ថា នៅក្រចេះមានដីបើពួកគាត់ព្រមទៅនៅក្រចេះ យើងដោះស្រាយជូន។
ទន្ទឹមនោះ នាយឧត្តមសេនីយ៍ គន់ គីម បានគូសបញ្ជាក់ទៀតថា «ដោយការគិតគូរខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីតបស្នងគុណបំណាច់របស់បងប្អូន ដែលបានបូជាចំពោះជាតិមាតុភូមិ ទើបថ្ងៃនេះ បងប្អូនយើងបានទទួលការបំពាក់មេដាយការពារជាតិទៅតាមអតីតភាពម្នាក់ៗ»។ ចំពោះអ្នកដែលមាន ជីវភាពទីទ័លក្រ នាយឧត្តមសេនីយ៍ បានជម្រុញឲ្យ ស.អ.ក ស្រុកទាំងបី ត្រូវចុះពិនិត្យជាក់ស្តែងដើម្បីលើកសំណើសុំដោះស្រាយ ជូនពួកគាត់ឲ្យរួចមុនខែមិថុនា ឆ្នាំ២០១៨។
លោកវរសេនីយ៍ត្រី កែន រឿង ជាយោធិននិវត្តន៍រស់នៅភូមិ ប្រស្រែ ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច និងលោកនាយចំណង់ ឌុក សុផល យោធិនពិការ រស់នៅភូមិ ឃុំ ព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្តាល តំណាងបងប្អូនសមាជិក ស.អ.ក ក្នុងស្រុកទាំងបីដែលបានចូលរួមក្នុងពិធីនេះបាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ដល់ពួកគាត់លើគ្រប់វិស័យ។ ក៏ដូចជា បងប្អូនសមាជិក ស.អ.ក នៅកន្លែងដទៃទៀតដែរ ពួកគាត់សូមប្រឆាំងដាច់ខាតចំពោះទង្វើក្បត់ជាតិរបស់ សម រង្សី ដែលបានអំពាវនាវមិនឲ្យប្រជាពលរដ្ខទៅបោះឆ្នោត ពួកគាត់នឹងទៅបោះឆ្នោតគ្រប់គ្នា ហើយបោះជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេច ហ៊ុន សែន ជាប្រធានដោយមិនងាករេឡើយ៕