(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតថ្មីរបស់តួកគីប្រចាំកម្ពុជា លោកស្រី Ayda Ünlü បានអះអាងថា ប្រទេសតួកគី បានសម្រេច នឹងបញ្ជូនគណៈប្រតិភូមួយ មកកម្ពុជាដើម្បីពិនិត្យ និងពិភាក្សាពីលទ្ធភាពផ្តល់ជំនួយឧបត្ថម្ភលើការដោះមីន ដល់ប្រទេសកម្ពុជា នៅខែក្រោយនេះ។
ការថ្លែងរបស់លោកស្រី Ayda Ünlü បានធ្វើឡើងក្នុងឱកាស ដែលលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានអនុញ្ញាតឲ្យលោកស្រី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅក្រសួងការបរទេស នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨នេះ។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មាន នៅក្រោយជំនួបនេះថា «ឆ្លើយតបនឹងសំណូមពររបស់ឯកឧត្តមរដ្ឋមន្ត្រី ប្រាក់ សុខុន ដែលចង់ឲ្យមានជំនួយឧបត្ថម្ភ របស់តួកគីក្នុងសកម្មភាពដោះមីននៅកម្ពុជា លោកជំទាវបានគូសបញ្ជាក់ថា ឯកឧត្តមរដ្ឋមន្ត្រីការបរទេសតួកគី បានពិនិត្យដោយយកចិត្តទុកដាក់ នឹងសំណើរបស់លោកទេសរដ្ឋមន្ត្រី ហើយបានសម្រេចថា នឹងបញ្ជូនគណៈប្រតិភូមួយមកកាន់កម្ពុជា នៅក្នុងរវាងសប្តាហ៍ទី១ ឫទី២ នៃខែឧសភា ដើម្បីធ្វើការពិនិត្យ និងធ្វើការពិភាក្សាជាមួយបណ្តាភាគីពាក់ព័ន្ធរបស់កម្ពុជាទៅលើលទ្ធភាព ដែលរដ្ឋាភិបាលតួកគីអាចជួយដល់កម្ពុជា នៅលើបញ្ហានេះ»។
លោក ជុំ សុន្ទរី បានឲ្យដឹងទៀតថា លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូន លោកស្រីឯកអគ្គរដ្ឋទូតវិញថា នៅក្នុឱកាសទស្សនកិច្ច របស់គណៈប្រតិភូតួកគី ក្រសួងការបរទេស នឹងខិតខំសម្របសម្រួល ដើម្បីរៀបចំឲ្យមានជំនួបរវាងគណៈប្រតិភូ និងបណ្តាជំនាញផ្នែកផ្សេងៗ របស់កម្ពុជា ពាក់ព័ន្ធនឹងការបោសសម្អាតមីននេះ ហើយលោកទេសរដ្ឋមន្ត្រី ក៏បានឆ្លៀតគូសបញ្ជាក់ពីការរីកចម្រើន គួរឲ្យកត់សម្គាល់ នៃការបោសសម្អាតមីន នៅកម្ពុជា ក្នុងរយៈកាលកន្លងមក:ហើយទន្ទឹមនឹងនោះ លោកទេសរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់បន្ថែមទៀតថា បញ្ហមីននៅតែជាឧបសគ្គសំខាន់ នៃគោលនយោបាយអភិវឌ្ឍន៍ជនបទរបស់រាជរដ្ឋាភិបាលកម្ពុជា៕