(ស្ទឹងត្រែង)៖ ជាការចែករំលែក និងការងារមនុស្សធម៌ ក្រៅពីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ មេបញ្ជាការអាវុធហត្ថខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨នេះ បានចាត់ឲ្យមន្ដ្រីក្រោមឱវាទយកអំណោយប្រគល់ជូនប្រជាពលរដ្ឋក្រីក្រ នៅភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។
លោកមេបញ្ជាការរង ដែលតំណាងលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការអាវុធហត្ថខេត្តស្ទឹងត្រែង ក៏នាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីលោកមេបញ្ជាការ ពិសេសនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស ជូនប្រជាពលរដ្ឋផងដែរ។
បន្ថែមពីនេះ លោកក៏បានណែនាំប្រជាពលរដ្ឋឲ្យថែរក្សាសុខភាព ព្រោះថារដូវការនេះចាប់ផ្ដើមធ្លាក់ភ្លៀងជាបណ្ដើរៗហើយ និងខ្លាចក្រែងមានជំងឺឈឺថ្កាត់អ្វីផ្សេងៗកើតឡើងជាយកថាហេតុ។ ដោយឡែកអំណោយទាំងនោះ មិនអាចបំពេញនូវតម្រូវការបានរហូតទេ ដោយគ្រាន់តែអាចរំលែកការលំបាកបន្ដិចបន្ដួចប៉ុណ្ណោះ ដូច្នេះត្រូវប្រឹងប្រែងប្រកបរបររកស៊ីបន្ដទៀត។
អំណោយរបស់លោកមេបញ្ជាការ ដែលបានផ្ដល់ជូនពលរដ្ឋទាំង៣គ្រួសារក្នុងឱកាសនោះ រួមមាន អង្ករ៦០គីទ្បូ, ឃីត០១ដុំ, ទឹកក្រូច០២កេះ, មី០២កេះ, ទឹកត្រី០៣យួរ, ទឹកស៊ីអ៊ីវ០៣យួរ, ស័ង្កសី១០សន្លឹក, មុង០៣ និងថវិកា
ចំនួន៤៥ម៉ឺនរៀល៕