(ត្បូងឃ្មុំ)៖ កម្មវិធីប្រកួតបាល់ទាត់ លើកទី៤ របស់ពលរដ្ឋខ្មែរ-ឥស្លាម នៅខេត្តត្បូងឃ្មុំ ដើម្បីដណ្តើមពានរង្វាន់ « Ramadon Champion » ជាកម្មវិធីបង្កភាពរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីរបស់ពលរដ្ឋខ្មែរ-ឥស្លាមក្នុងខេត្តនេះ បានបិទបញ្ចប់កាលពីម្សិលមិញ។

កម្មវិធីនេះ ត្រូវបានប្រគល់ពានរង្វាន់ដោយ លោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន និងជាប្រធានប្រតិបត្តិសម្ព័ន្ធយុវជនស្រលាញ់សន្តិភាព (ស.យ.ស.ស), លោក សុះ មូហាំម៉ាត់ ទីប្រឹក្សាសម្តេច ហេង សំរិន និងជាប្រធានកិត្តិយសសម្ព័នយុវជនស្រលាញ់សន្តិភាព សាខាខ្មែរឥស្លាមស្រលាញ់សន្តិភាព ព្រមទាំងមន្ត្រីជាច្រើននាក់ទៀតផងដែរ។

លោកស្រី យូសុះ ហ្វាតៀរនី ទីប្រឹក្សាក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានសម្ពន្ធយុវជនស្រលាញ់សន្តិភាព សាខាខេត្តត្បូងឃ្មុំ បានថ្លែងថា ដោយសារកម្ពុជាមានសន្តិភាព ទើបប្រទេសជាតិសម្បូរសប្បាយ ធ្វើឲ្យប្រជាពលរដ្ឋខ្មែរ-ឥស្លាម មានឱកាសបង្កើតកម្មវិធីសប្បាយៗ យ៉ាងច្រើន ជាក់ស្តែងដូចជា ការបើកប្រកួតកីឡាបាល់ទាត់នេះជាដើម។

លោក ប៉ាន់ខែម ប៊ុនថន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះបងប្អូនខ្មែរ-ឥស្លាម ហើយក៏បានផ្ដល់សិទ្ធិសេរីភាពយ៉ាងពេញលេញផងដែរ។ លោកបានបន្តថា បច្ចុប្បន្ននេះ កម្ពុជាមានសន្តិភាព ហើយថែមទាំងមានការអភិវឌ្ឍទៅមុខជាលំដាប់ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ប្រមុខរដ្ឋាភិបាល ហើយកត្តាសន្តិភាពនេះ ពិតជាមានសារៈសំខាន់បំផុត ដែលអាចផ្ដល់ឱកាសដល់ពលរដ្ឋ និងវិនិយោគិនបរទេសមកបណ្ដាក់ទុក បានស្រួលចិត្ត។

សូមជម្រាបជូនថា ការប្រកួតនេះ ប្រព្រឹត្តិទៅរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ ហើយការប្រកួតដណ្ដើមយកពានរង្វាន់ បានធ្វើឡើងនាល្ងាចថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០១៨ ម្សិលមិញនេះ នៅទីលានបាល់ទាត់ភូមិខ្ពប ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ក្នុងកម្មវិធីប្រកួតបាល់ទាត់ពានរង្វាន់ « Ramadon Champion» នេះ អ្នកឈ្នះរង្វាន់ទទួលបានថវិការ ១០០០ដុល្លារអាមេរិក និងទទួលបាន ៣លានរៀល ពីលោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា ផងដែរ ហើយលោក សុះ មូហាំម៉ាត់ ឧបត្ថម្ភក្រុមកីឡាជាប់លេខ២ ចំនួន ៥០០ដុល្លារអាមេរិក។ ចំពោះអ្នកឈ្នះពានរង្វាន់លេខ១ បានទៅលើក្រុមកីឡាបាល់ទាត់ «វិទ្យាល័យហាជ្ជីហ្វិកក្រីជំនីក»៕