(ភ្នំពេញ)៖ បើនិយាយពីបទ «ស្រឡាញ់អូនស្លៀកខោរហែក» មានទស្សនិកជនច្រើនណាស់ ដែលនិយមស្តាប់ ជាពិសេសបទនេះផងដែរ កាលពីពេលថ្មីៗនេះ ត្រូវបានយកទៅចាក់ ដើម្បីរាំលេងកំសាន្ត ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីស្ទើរគ្រប់ទិសទី។ ទន្ទឹមនឹងបទចម្រៀងមួយនេះ កំពុងល្បី និងទទួលបានការគាំទ្រខ្លាំង មានទស្សនិកជនតិចណាស់ ដែលបានស្គាល់ម្ចាស់បទចម្រៀងមួយនេះ គឺលោកមានឈ្មោះថា ថេវ៉ា ខណៈថ្មីៗនេះ លោកក៏កំពុងទទួលបាននូវភាពល្បី ពាក់ព័ន្ធនឹងបញ្ហារវាងលោក ជាមួយនឹងម្ចាស់ផលិតកម្ម «អ៊ិច» ដោយក្នុងនោះ ម្ចាស់ផលិតកម្មអ៊ិច បានបណ្ដេញលោកចេញពីផលិតកម្ម ហើយហៅលោកថា «ជាក្រពើវង្វេងបឹង»។

ជាការកត់សម្គាល់ លោក ថេវ៉ា ត្រូវបានគេដឹងថា គឺជាតារាចម្រៀងប្រុសទើបពន្លកថ្មីមួយរូប ដែលកំពុងមានប្រជាប្រិយភាព តាមរយៈការសាងស្នាដៃ នៅក្នុងចម្រៀងកន្ទ្រាក់អារម្មណ៍ «ស្រឡាញ់អូនស្លៀកខោរហែក» និងចុះទៅសម្ដែង នៅតាមបណ្ដាខេត្តនានា ជាដើម។

យ៉ាងណាមិញ ពាក់ព័ន្ធនឹងរឿងរ៉ាវអាថ៌កំបាំងផ្ទាល់ខ្លួន និងដើម្បីឆ្លើយតបនឹងការហៅលោកថា «ជាក្រពើវង្វេងបឹង» ពីសំណាក់ម្ចាស់ផលិតកម្មអ៊ិច លោក ថេវ៉ា ម្ចាស់បទ «ស្រឡាញ់អូនស្លៀកខោរហែក» នឹងចូលខ្លូនមកបកស្រាយ ឲ្យទស្សនិកជនជ្រាបកាន់តែច្បាស់ តាមរយៈបទសម្ភាសន៍ ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» តាមរយៈការផ្សាយផ្ទាល់ពីផេក Fresh News TV និង Khmer Talking នៅថ្ងៃសៅរ៍ ទី២១ ខែមេសា ឆ្នាំ២០១៨នេះ នៅវេលាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ នឹងត្រូវផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី២២ ខែមេសា វេលាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ដដែល៕