(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានជំរុញឱ្យអតីតយុទ្ធជន និងប្រជាពលរដ្ឋត្រូវតែជឿជាក់ លើការដឹកនាំរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដើម្បីកសាងជាតិ និងការពារជាតិមាតុភូមិកាន់តែរុងរឿងខ្លាំងឡើង។
លោក ហ៊ុន ម៉ានី បានថ្លែងបែបនេះ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ នៅក្នុងឱកាសលោករួមជាមួយលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ជាប្រធានកិត្តយសសមាគមអតីតយុទ្ធជនខេត្ត, ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក, ជាមេបញ្ជាការយោធភូមិភាគទី៣ និងជាសមាជិកអចន្ត្រៃយ៍សមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញបំពាក់មេដាយការពារជាតិជូនបងប្អូនអតីតយុទ្ធជន នៅក្នុងស្រុកឧដុង្គ ចំនួន៥៤៦នាក់។
លោក ហ៊ុន ម៉ានី បានថ្លែងយ៉ាងដូច្នេះថា «សុំឱ្យបងប្អូនអតីតយុទ្ធជន ជឿជាក់លើការដឹកនាំរបស់រដ្ឋាភិបាល ដែលបានខិតខំប្រឹងប្រែង កសាងកិត្តិយស ខណៈបងប្អូនប្រឹងប្រែងរំដោះជាតិ តាមរយៈបេសកម្មចំនួនពីរ គឺទីមួយការកសាងប្រទេសជាតិ និងបេសកម្មការពារជាតិ»។
លោក ហ៊ុន ម៉ានី បានបន្តថា ក្នុងនាមលោកជាតំណាងរាស្ត្រ នឹងបន្តប្រឹងប្រែងប្រមូលអ្នកវិនិយោគដើម្បីឱ្យកំណើនរោងចក្រថែមទៀត ដើម្បីឲ្យជីវភាពបងប្អូនកូន ចៅរបស់អតីតយុទ្ធជនយើង មានការងារធ្វើផ្ទត់ផ្គង់ប្រចាំថ្ងៃ។ ជាមួយគ្នានេះ ក្នុងនាមលោកជាយុវជន សូមថ្លែងអំណរគុណចំពោះ ពុក ម៉ែ ពូ មីងនៅទីនេះ ដែលបានលះបង់សាច់ឈាមដើម្បីការពារទឹកដី ការពារជាតិ ការពារបូរណភាពទឹកដី ជាពិសេសធ្វើឱ្យក្រុមយុវជនសម័យនេះមានសេរីភាព និងសុខដុមរម្យនា។
ជាមួយគ្នានេះលោក វ៉ី សំណាង បានបានថ្លែង នៅមុខអតីតយុទ្ធជនជាង៥០០នាក់ នៅស្រុកឧដុង្គថា សង្គ្រាមបានបំផ្លាញដល់ឬសគល់ ហើយធ្វើឱ្យកម្ពុជាទទួលរងការទម្លាក់រាប់សែនតោន ហើយកម្ពុជាត្រូវជំពាក់បំណុលពីការទម្លាក់គ្រាប់បែកមិនតិចជា៦០០រយលានដុល្លារនោះទេ។ លោកបន្តថា ដោយសារសង្គ្រាមនេះ ទើបធ្វើឱ្យពុកម៉ែ ពូ មីងធ្លាក់ខ្លួនពិការទល់សព្វថ្ងៃនេះ ហើយត្រូវបានរាជរដ្ឋាភិបាល បានផ្តល់ការយកចិត្តទុកដាក់យ៉ាងពិសេស តាមរយៈក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាយើង។
ឧត្តមសេនីយ៍ត្រី ជូ សារុន បានថ្លែងថា អតីតយុទ្ធជនកំពុងទទួលរបបទូទាំងខេត្តកំពង់ស្ពឺ ចំនួន៥៤១០នាក់ ក្នុងនោះបានធ្វើបច្ចុប្បន្នភាព រកឃើញគ្រួសារ ជួបការលំបាកចំនួន១៩៨គ្រួសារ គ្រួសារក្រីក្រចំនួន២២៤២គ្រួសារ គ្រួសារមានដីគ្មានផ្ទះចំនួន៣៣០គ្រួសារ និងគ្រួសារអត់ដីអត់ផ្ទះចំនួន៤១០គ្រួសារ។
ឧត្តមសេនីយ៍ត្រី ជូ សារុន បានបន្តថា បានសាងសង់ផ្ទះជូនគ្រួសារអតីតយុទ្ធជនបានចំនួន០៧ខ្នង ក្នុងនោះថវិការបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានចំនួន០៦ខ្នង និងថវិកាសប្បុរសជនចំនួន០១ខ្នង ត្រូវបានប្រគល់ជូនរួចរាល់ ហើយសមាគមនបានស្នើ សុំចុះបញ្ជីដីសម្បទានសង្គមកិច្ចមានចំនួន១២៩០នាក់។
លោកប្រធាន បានបញ្ជាក់ថា គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ស្ពឺ មានការខិតខំបំពេញតួនាទី និងសហការណ៍ជាបណ្តាអង្គភាពពាក់ព័ន្ធបានប្រសើរ និងមានការយល់ដឹងខ្ពស់ ពីបងប្អូនអតីតយុទ្ធជនយើងោងដែរ។ នៅចំពោះមុខក្រុមការងារសមាគមបានបន្តចុះជួប និងទំនាក់ទំនងជាមួយគ្រួសារអតីតយុទ្ធជន ក្នុងនោះបានអប់រំពួកគាត់ឱ្យមានការជឿជាក់ ស្មោះត្រង់មកលើរាជរដ្ឋាភិបាលផងដែរ៕