(ស្វាយរៀង)៖ មានករណីបង្កការភ្ញាក់ផ្អើលមួយ បានកើតឡើងនៅពេលបុរសម្នាក់ ទៅបង់ត្រីនៅក្នុងទន្លេវ៉ៃគោ ស្រាប់តែជាប់កាំភ្លើង AK-47 ស្វាយបត់មួយដើមច្រេះស៊ីអស់ គ្មានគ្រាប់ និងគ្មានបង់នៅជាប់កាំភ្លើង។ ភ្លាមៗនោះ ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានដើម្បីចុះទៅត្រួតពិនិត្យ។
ករណីនេះបង់សំណាញ់ជាប់កាំភ្លើងនេះ បានកើតឡើងនាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ម្សិលមិញ ស្ថិតនៅក្នុងទន្លេវ៉ៃគោ នៅភូមិក្បាលស្ពាន សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
សមត្ថកិច្ចមូលដ្ឋាន បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តស្វាយរៀង បានឱ្យដឹងថា មុនជួបប្រទះកាំភ្លើង AK47 ស្វាយបត់នេះ មានបុរសម្នាក់ឈ្មោះ ខាំ រិទ្ធី អាយុ៣៥ មុខរបរកសិករ រស់នៅភូមិថ្នល់កែង សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ទៅបង់ត្រីនៅក្នុងទន្លេវ៉ៃគោ ស្រាប់តែជាប់អីធ្ងន់ៗ ស្មានថា ជាត្រីធំមានអីដល់ពេលលើកឡើងលើគោក គឺជាកាំភ្លើងមិនដឹង យកមកបោះចោលតាំង ពីកាលណានោះទេច្រេះអស់ ក៏រាយការណ៍មកសមត្ថកិច្ចឱ្យចុះមកពិនិត្យមើលនិងយកទៅរក្សាទុក។
ប្រភពសមត្ថកិច្ចដដែល បានឲ្យដឹងទៀតថា ក្រោយពីបង់សំណាញ់បានអាវុធក៏បានរាយការណ៍ និងប្រគល់កាំភ្លើងឱ្យសមត្ថកិច្ចតែម្តងទៅ ហើយបច្ចុប្បន្ន អាវុធខាងលើត្រូវបានប្រជាពលរដ្ឋ ប្រគល់ឱ្យកម្លាំងសណ្ដាប់ធ្នាប់ក្រុងស្វាយរៀង យកមករក្សាទុកជាបណ្តុះអាសន្ន៕