(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានអះអាងប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨នេះថា ក្រសួងមហាផ្ទៃនឹងចាត់វិធានការក្តៅចំពោះក្រុម លោក សម រង្ស៊ី មេចលនាសង្រ្គោះជាតិ បើហ៊ានធ្វើសកម្មភាពបង្កការអុកឡុក ដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦ នៅខែកក្កដា ខាងមុខនេះ។
ការអះអាងអំពីវិធានការក្តៅនេះ បានធ្វើឡើងបន្ទាប់ពី ប្រធានចលនាសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងមានវត្តមាននៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី បានព្រមានជាថ្មីថា ចលនាងើបបះបោរនឹងកើតមានឡើងនៅកម្ពុជា ប្រសិនបើពុំមានវត្តមានគណបក្សប្រឆាំង នៅក្នុងការបោះឆ្នោតជាតិនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ។
សូមបញ្ជាក់ថា ដើម្បីការពារដល់សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅខែកក្កដា ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់កម្លាំងសមត្ថកិច្ចចម្រុះ មានទាំងកម្លាំងនគរបាលជាតិ កម្លាំងកងយោធពលខេមរភូមិន្ទ និងកម្លាំងកងរាជអាវុធហត្ថ សរុបរហូតដល់៨ម៉ឺននាក់ រួមទាំងមានកម្លាំងប្រជាការពារប្រមាណ២ម៉ឺននាក់ផងដែរ។
ជាមួយគ្នានេះ គ.ជ.ប បានដាក់ចេញនូវផែនការ៥ចំណុច ដល់គណៈកម្មការរបស់ខ្លួនតាមរាជធានី-ខេត្ត ដើម្បីធានាការពារសនិ្តសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦នេះផងដែរ៕