(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាត នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨នេះ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា អាវុធមួយចំនួន ដែលអាជ្ញាធរថៃចាប់បាន នៅខេត្តត្រាតនោះ មិនមែនមានប្រភពចេញពីកម្ពុជា ដូចការចុះផ្សាយរបស់បណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនឡើយ។
លោកចាត់ទុកថា ការផ្សព្វផ្សាយថា អាវុធទាំងនេះដឹកចេញពីទឹកដីកម្ពុជា គឺជាការផ្សព្វផ្សាយព័ត៌មានមិនពិត ដោយគ្មានប្រភពច្បាស់លាស់។ នៅប្រទេសកម្ពុជា មិនមានការប្រើប្រាស់អាវុធប្រភេទនេះទេ។
សូមបញ្ជាក់ថា កាលពីអាធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ នៅប៉ុស្តិ៍ត្រួតពិនិត្យបានម៉ៃរូត ស្រុកខ្លងយ៉ៃ ខេត្តត្រាត មានចម្ងាយពីច្រកទ្វារអន្តរជាតិ ចាំយាម ប្រមាណ៥០គីឡូម៉ែត្រ ចូលទៅក្នុងទឹកដីថៃ សមត្ថកិច្ចថៃ បានឃាត់ចាប់រថយន្តមួយគ្រឿងដឹកអាវុធពីកំពង់ផែ ក្នុងភូមិខ្លងស៊ុន (មានចំងាយពីច្រកទ្វារអន្តរជាតិចាំយាម ប្រមាណ៨ គីឡូម៉ែត្រ)។
អាវុធទាំងនោះរួមមាន ៖ ១៖ កាំភ្លើងប្រភេទ TEPY ចំនួន ២ដើម បង់២, ២៖ កាំភ្លើងប្រភេទM16 =៤ដើម ក្នុងនោះមានមួយដើមភ្ជាប់ប្រដាប់បាញ់ M79, ៣៖ កាណុងM16 =២០កាណុង, ៤៖ ឈុតឧបករណ៏កៃកាំភ្លើង ៥ ឈុត, ៥៖ បន្ទះតួកាំភ្លើង ២០ បន្ទះ, ៦៖ គ្រាប់បាញ់បំភ្លឺ ៣ គ្រាប់ ៧៖ ជនជាតិថៃ១នាក់ រថយន្ត១គ្រឿង។
បណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន បានផ្សាយថា អាវុធទាំងនោះ ដឹកចេញពីម្តុំស្ទឹងហាវ ខេត្តព្រះសីហនុ ប្រទេសកម្ពុជា៕