(កណ្ដាល)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ អមដំណើរដោយលោក តាន់ ម៉េងលាង អភិបាលរងខេត្តកណ្តាល បានបន្ដជួបសំណេះ សំណាល និងបំពាក់មេដាយការពារជាតិជូន សមាជិកអតីតយុទ្ធជនស្រុកមុខកំពូល ខេត្តកណ្តាល ចំនួន២១៣នាក់។
បន្ទាប់ពីនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួចមកនាយឧត្តមសេនីយ៍ គន់ គីម បានជម្រុញឲ្យប្រធានសាខាសមាគមអតីតយុទ្ធជន ស្រុក ឃុំ ត្រូវខិតខំបន្ថែមទៀត ក្នុងការដោះស្រាយបញ្ហាប្រឈមដែលអតីតយុទ្ធជនកំពុងតែជួបការលំបាក។
បើតាមនាយឧត្តមសេនីយ៍ គន់ គីម «ជិតបីឆ្នាំមកនេះយើងបានខិតខំ ដោះស្រាយការលំបាកជូនបងប្អូន បានជាបន្តបន្ទាប់ដូចជាការបើកចែកប្រាក់ បេឡាមរណសង្គ្រោះបានទាន់ពេលវេលា ដឹកនាំធ្វើបច្ចុប្បន្នភាពចុះស្វែងយល់ពីសុខទុក្ខបងប្អូននៅគ្រប់ស្រុក រកឃើញអ្នកដែលទាល់ក្រ បានដោះស្រាយដីធ្លី និង ធ្វើផ្ទះជូនជាបណ្តើរៗ»។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ បានណែនាំឲ្យសមាជិកអតីតយុទ្ធជនកម្ពុជា ត្រូវចេះជួយគ្នាពេលមានធុរៈ និងត្រូវទៅចូលរួមបោះឆ្នោតសកលដែល នឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកក្កដាខាងមុខនេះឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
លោក កាំង ឡាយ ជាយោធិនចូលនិវត្តន៍ រស់នៅភូមិឃុំព្រែកដំបង ស្រុកមុខកំពូល តំណាងអតីតយុទ្ធជនទាំងអស់បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលបានគិតគូរដល់ពួកគាត់ ដូចជាតម្លើងប្រាក់ខែជូនពួកគាត់ និងទទួលបានការព្យាបាលដោយឥតគិតថ្លៃ ការបើកចែកប្រាក់ មរណសង្គ្រោះបានទាន់ពេលវេលា និងពេលនេះបានផ្តល់មេដាយជូនពួកគាត់ទៀត ហើយពួកគាត់នឹងបោះឆ្នោតជូនគណបក្សប្រជាជន គាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីតទៅទៀត៕