Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ករណីចោរលួចម៉ូតូនៅសង្កាត់បឹងកក់១ ត្រូវបានកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌ ខណ្ឌទួលគោក ចាប់ជនសង្ស័យនិងយកម៉ូតូបានវិញហើយ

19-04-2018 09:40

(ភ្នំពេញ)៖ ករណីចោរលួចម៉ូតូនៅតាមបណ្តោយផ្លូវ៣៥១ សង្កាត់បឹងកក់១ ដែលនាយប៉ុស្តិ៍នគរបាលនៅមូលដ្ឋានមិនអើពើប្រជាពលរដ្ឋនោះ នៅពេលនេះត្រូវបានកម្លាំង ជំនាញព្រហ្មទណ្ឌខណ្ឌទួលគោក ដែលមានលោក ហ៊ុន សុធី អធិការខណ្ឌ បង្រ្កាបបានហើយ ដោយចាប់បានជនសង្ស័យនិងយកបានម៉ូតូជនរងគ្រោះត្រឡប់វិញ នៅព្រលប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨នេះ។

ករណីលួចនេះកំលាំងផ្នែកព្រហ្មនៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក រាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់ ពីបទលួច (លួចម៉ូតូ) ឃាត់នៅចំណុច លើផ្លូវលេខ១៨៦ ក្រុមទី៩ ភូមិ៣ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រព្រឹត្តកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១៩៖៤០នាទី នៅចំណុចមុខផ្ទះលេខ៥៣ ផ្លូវ លេខ៣៥១ ក្រុមទី៨ ភូមិ២ សង្កាត់បឹងកក់ ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ ជា សុភ័ក្រ្ត ហៅ អាយក្ស ហៅ អាឆ្អឹង ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរមុខរបរ ពុំពិតប្រាកដ ស្នាក់នៅពុំពិតប្រាកដ មានទីកន្លែងកំណើត សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ក្រុងភ្នំពេញ។ វត្ថុតាងបន្សល់នៅកន្លែងកើតហេតុ កង់មួយគ្រឿងពណ៌ត្រួយចេក (ជាកង់របស់ជនសង្ស័យជិះមកធ្វើសកម្មភាព)។

ម៉ូតូមួយគ្រឿងដែលត្រូវចោរលួចនោះមានម៉ាក Honda Icon ពណ៌ផ្កាឈូក ស៊េរី២០០៩ ពាក់ស្លាកលេខ ភ្នំពេញ 1Z-0123 មានលេខតួ និងលេខម៉ាស៊ីន៖ 0000293 (ជាម៉ូតូរបស់ជនរងគ្រោះដែលជនសង្ស័យលួច) សមត្ថកិច្ចខណ្ឌទួលគោក បានធ្វើការប្រគល់ជូនទៅឲ្យជនរងគ្រោះវិញ តាមការស្នើសុំដោយមានការឯកភាពពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះមានឈ្មោះ ស៊ុយ សូរ៉ាន់ ហៅ ម៉ូយ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៥៣ ផ្លូវលេខ៣៥១ ក្រុមទី៨ ភូមិ២ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនសង្ស័យកំពុងកសាងសំណុំរឿងតាមនិតិវិធី បញ្ជូនទៅតុលាការផ្តទ្ទាទោសតាមច្បាប់៕