(កំពង់ចាម)៖ អតីតយុទ្ធជននៅស្រុកជើងព្រៃ និងស្រុកព្រៃឈរ ចំនួន៥៦៣នាក់ បានសម្ដែងនូវការកក់ក្ដៅយ៉ាងខ្លាំង ក្រោយមានការយកចិត្តទុកដាក់យ៉ាងឌិតដល់ ពីសំណាក់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន គ្រប់លំដាក់ថ្នាក់ ពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។
ការសម្ដែងនូវក្ដីកក់ក្ដៅយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨នេះ ក្នុងឱកាសនាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោយ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម និងមានការចូលរួមពី លោកឧត្តមសេនីយ៍ទោ ឯម កុសល ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ចាម បានអញ្ជើញចុះជួបសំណេះសំណាល និងបំពាក់មេដាយជូន។
នៅក្នុងសន្ទរកថាស្វាគមន៍ លោក គួច ចំរើន បានថ្លែងអំណរគុណ និងកោតសសើរ ចំពោះការខិតខំប្រឹងប្រែងក្នុងការយកចិត្តទុកដាក់ និងចុះសួរសុខទុក្ខ ដោះស្រាយបញ្ហាប្រឈមជូនបងប្អូនសមាគមអតីតយុទ្ធជនកម្ពុជា នៅគ្រប់ទីកន្លែងរបស់ នាយឧត្តមសេនីយ៍ គន់ គីម ក្នុងនាមជាសេនាធិការឲ្យ សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។
តាមរយៈនាយឧត្តមសេនីយ៍ គន់ គីម, សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តាំផ្ញើសួរសុខទុក្ខ ដល់បងប្អូនអតីតយុទ្ធជន និងសុំឲ្យខិតខំថែរក្សាសុខភាព ឲ្យបានល្អជៀសវាងកើតជំងឺផ្សេងៗ។
នាយឧត្តមសេនីយ៍ គន់ គីម ក៏បានណែនាំថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា គ្រប់ថ្នាក់ត្រូវយកចិត្តទុកដាក់ដោះស្រាយ រាល់ការលំបាករបស់បងប្អូនបន្ថែមទៀត ខិតខំទំនាក់ទំនងជាមួយអាជ្ញាធរស្រុក ខេត្ត ដោយត្រូវដោះស្រាយបញ្ហាជូនបងប្អូនទីទាល់ក្រមុន ហើយលោកក៏បានលើកសសើរ ចំពោះការខិតខំប្រឹងប្រែងបំពេញការងាររបស់សមាគមអតីតយុទ្ធជនគ្រប់ថ្នាក់នៅក្នុងខេត្ត។
សូមបញ្ជាក់ថានេះជាលើកទី២ហើយដែល នាយឧត្តមសេនីយ៍ គន់ គីម បានមកសួរសុខទុក្ខបងប្អូននៅទីនេះ ពួកគាត់ពិតជាមានការកក់ក្តៅណាស់ដែល សម្តេចតេជោ ហ៊ុន សែន តាមរយៈនាយឧត្តមសេនីយ៍ ដែលជានិច្ចជាកាលតែងគិតគូរដល់ពួកគាត់ ដោយឡែកថ្ងៃនេះពួកគាត់ពិតជាមានការរំភើបរីករាយជាខ្លាំង ដែលសម្តេចនាយករដ្ឋមន្ត្រី បានទួលថ្វាយព្រះមហាក្សត្រ បំពាក់មេដាយការពារជាតិជូន ហើយពួកគាត់សូមសំដែងការអរគុណយ៉ាងខ្លាំងចំពោះ សម្តេចតេជោ និងបោះឆ្នោតជូនសម្តេច គាំទ្រសម្តេច ជានាយករដ្ឋមន្ត្រីបន្តទៀត៕