(ភ្នំពេញ)៖ របាយការណ៍ក្រសួងទេសចរណ៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃទី១៨ ខែមេសានេះ បានឱ្យដឹងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិ ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០១៨កន្លងទៅនេះ មានទេសចរជាតិ និងអន្តរជាតិជាង៥លាននាក់ ទស្សនាកំសាន្តតាមគោលដៅទេសចរណ៍នានា ទូទាំងប្រទេសកម្ពុជា និងបានចាក់បញ្ចូលបន្ថែមប្រមាណ៣០០លានដុល្លារ ក្នុងចរន្តសេដ្ឋកិច្ចជាតិ។
របាយការណ៍បានបញ្ជាក់ថា វិស័យទេសចរណ៍ ជាវិសយ័អាទិភាព រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា។ ក្នុងមួយឆ្នាំៗវិសយ័នេះបាននាំចំណូលរូបីបណ្ណរាប់ពាន់ លានដុល្លារ ដែលបានមកពីទេសចរអន្ដរជាតិ ចាក់បញ្ចូលក្នុងចរន្តសេដ្ឋកិច្ចជាតិ ព្រមជាមួយនិងការជំរុញសកម្មភាពសេដ្ឋកិច្ចផ្ទៃ ក្នុងដោយចលនារាប់លាននាក់ នៃទេសចរក្នុងស្រុកទស្សនាកំសាន្តទូទាំងប្រទេស។
របាយការណ៍បានបន្ថែមថា៖ វិសយ័ទេសចរណ៍គឺជាការនាំចេញនៅនឹងកន្លែង ដោយនាំអតិថិជន (ទេសចរ) មកទិញទំនិញ ឬប្រើប្រាស់សេវាផ្ទាល់ នៅក្នុងស្រុកតែម្តង បន្ថែមលើការនាំចេញ ដែលសម្មភាពបែបនេះ ពិតជាបង្កើតនិងបង្កើនការងារចំណូលព្រមទាំងការអភិវឌ្ឍ៕