(ចិន)៖ សមាគមនិស្សិតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងអបអរសារទរខួបទំនាក់ទំនងការទូតកម្ពុជា-ចិន លើកទី៦០ នៅទីក្រុងជាវជាំង ខេត្តជាំងស៊ី រួមជាមួយវត្តមាននិស្សិតខ្មែរ-បរទេស និងពាណិជ្ជករចិនជាង ១ម៉ឺននាក់។
ពិធីបុណ្យវប្បធម៌ដ៏ធំមួយនេះ បានប្រារព្ធឡើងនាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យ Jiujiang ដែលមានការចូលរួមពីសំណាក់លោក លីវ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Jiujiang លោក ហេង ជិនហាក់ ប្រធានក្រុមប្រឹក្សាសមាគមនិស្សិត លោក អ៊ុំ វុទ្ធទី ប្រធានសមាគមនិស្សិតកម្ពុជានៅប្រទេសចិន ព្រមទាំងប្រធានវិទ្យាស្ថានស្រាវជ្រាវកម្ពុជា ប្រចាំសាកលវិទ្យាល័យ Jiujiang ផងដែរ។
ពិធីបុណ្យវប្បធម៌ខ្មែរនេះ មានការសម្តែងសិល្បខ្មែរ-ចិន ការតាំងពិព័រណ៍វប្បធម៌ខ្មែរ ជាពិសេសការតាំងពិព័រណ៍ផលិតផលខ្មែរ។ សិល្បខ្មែរ ដែលត្រូវយកសម្តែងរួមមាន៖ របាំថ្វាយព្រះពរ របាំនារីកម្ពុជា ល្ខោនខោល របាំរស្មីដួងច័ន្ទ របាំគែន របាំក្រមា របាំស្លឹកត្នោត សម្តែងបទចម្រៀងមោទនភាពជាតិខ្មែរ ព្រមទាំងសិល្បចិនមួយចំនួនទៀ។
លោក ក្រឿង រស្មី ប្រធាននិស្សិតកម្ពុជាប្រចាំខេត្តជាំងស៊ី បានឲ្យដឹងថា និស្សិតកម្ពុជា នៅទីក្រុងជាវជាំងមានត្រឹមតែ ២៥នាក់ បានខិតខិយ៉ាងខ្លាំងក្នុងរៀបចំការសម្តែងសិល្បៈ ការរៀបចំការតាំងពិរព័ណ ព្រមទាំងវេចនំជាច្រើនសម្រាប់ត្រៀមទទួលអ្នកទស្សនាប្រហែល ១ម៉ឺននាក់។
លោក អ៊ុំ វុទ្ធទី បានឲ្យដឹងថា នេះជាលើកទី១ ដែលនិស្សិតខ្មែរនៅចិនមានលទ្ធភាព និងសមត្ថភាពរៀបចំកម្មវិធីបុណ្យដ៏ធំមួយនេះ។ កម្មវិធីអាចកើតឡើងបានដោយសារឆន្ទៈ ការខិតខំប្រឹងប្រែងរបស់និស្សិតខ្មែរនៅខេត្តជាំងស៊ី ដែលបានសាមគ្គីគ្នារៀបចំកម្មវិធីនេះឡើង ដើម្បីឲ្យពលរដ្ឋចិនបានស្គាល់ បានដឹងឲ្យកាន់តែច្បាស់អំពីភាពរុងរឿងនៃវប្បធម៌ខ្មែរ។
លោកបន្តថា កម្មវិធីនេះមានចូលរួមឧបត្ថម្ភពីលោកស្រី ខែក កែមាលី ឯកអគ្គស្ថានរាជទូតកម្ពុជាប្រចាំប្រទសចិន សកលវិទ្យាល័យ Jiujiang ជាពិសេសជំនួយឧបត្ថម្ភរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានឧមត្ថម្ភសមាគមនិស្សិតខ្មែរនៅចិនកន្លងមក។
ឆ្លៀតក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សមាគមនិស្សិតកម្ពុជានៅចិន បានគោរជូនពរសម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បុត្រាបុត្រី ចៅប្រុសចៅស្រី សូមមានសុខភាពល្អបូរិបូរណ៍ ព្រមទាំងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ជាពិសេសនិស្សិតនៅចិននៅតែបន្តការគាំទ្រយ៉ាងពេញទំហឹង ចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីបន្តធ្វើជាប្រមុខរាជរដ្ឋាភិបាល នៅអាណត្តិបន្តបន្ទាប់ទៀត៕