(ក្រចេះ)៖ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ រយៈពេល៣ថ្ងៃ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងកម្សាន្ដនៅតាមគោលដៅ ទេសចរណ៍នានា ក្នុងទឹកដីខេត្តក្រចេះ មានចំនួនសរុបជាង១០២,៣០៦ ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៧ ចំនួន១០៤,៨៩០ ថយចុះចំនួន២,៥៨៤ ស្មើនឹង ២,៤៦%។ នេះបើយោងតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្តក្រចេះ។
របាយការណ៍មន្ទីរទេសចរណ៍ខេត្តក្រចេះ បានឲ្យដឹងថា ភ្ញៀវទេសចរជាតិមានចំនួន១០១,៨១៧នាក់ ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៧ ចំនួន១០៤,៤៦០នាក់ ថយចុះចំនួន២,៦៤៣នាក់ ស្មើនឹង២,៥៣%។ ទេសចរអន្តរជាតិចំនួន៤៨៩នាក់ ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៧ ចំនួន៤៣០នាក់ កើនចំនួន៥៩នាក់ ស្មើនឹង១៣,៧២%។
បើតាមរបាយការណ៍បានបន្តថា កន្លែងសម្រាប់ភ្ញៀវទេសចរណ៍ ពេញនិយមក្នុងខេត្តក្រចេះនោះ មានដូចជា៖ រមណីយដ្ឋានទឹកជួកាំពី, ឆ្នេរខ្សាច់កោះទ្រង់ និងរមណីយដ្ឋានកោះសុក្រមជាដើម។
ខេត្តក្រចេះ ក៏ជាខេត្តទិសដៅទេសចរមួយដែរ ក្នុងប្រទេសកម្ពុជា ក្នុងឱកាសនៃការឈប់សម្រាកកម្សាន្តអបអរឆ្នាំថ្មី ដោយសារខេត្តនេះ មានតំបន់កម្សាន្តច្រើន ទាំងធម្មជាតិ និងកែច្នៃ ហើយចំនួនភ្ញៀវ ទៅសម្រាកកម្សាន្តក្នុងខេត្តនេះ ក៏មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំផងដែរ។
ខេត្តក្រចេះ ជាខេត្តមួយឋិតនៅភាគឦសានប្រទេសកម្ពុជា ដែលមានសក្ដានុពលលើវិស័យទេសចរណ៍ ដោយមានរមណីយដ្ឋានស្រស់ ស្អាតជាច្រើនកន្លែង ប្រកបដោយភាពទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ហើយជារៀងរាល់ឆ្នាំ ខេត្តនេះបានទទួលកំណើនទេសចរជានិច្ច។ រមណីយដ្ឋានទឹកជួរកាំពី នៅតែឈរលំដាប់លេខ១ មានភាពទាក់ទាញ ទេសចរជាងគេ ក្នុងចំណោមរមណីយដ្ឋានជាច្រើនរបស់ខេត្តនេះ៕