(ភ្នំពេញ)៖ និស្សិតសាកលវិទ្យាល័យន័រតុនតំណាងកម្ពុជា ផ្នែកវិស្វកម្ម អគ្គិសនី និងអេឡិចត្រូនិច ផ្នែកកុំព្យូទ័រវិទ្យាចំនួន២៥នាក់ បានចេញទៅប្រកួតប្រជែងដណ្តើមពានរង្វាន់នៅប្រទេសម៉ាឡេស៊ី ក្នុងកម្មវិធី «គំនិតច្នៃប្រឌិត និងការបង្កើតថ្មី នៃផ្នែកវិទ្យាសាស្ត្រវ័យក្មេងអន្តរជាតិ ប្រចាំឆ្នាំ២០១៨» និងបាននាំយកមេដាយ៨គ្រឿង ជូនជាតិ ដែលនេះបង្ហាញពីភាពរីកចម្រើនរបស់កម្ពុជា ដោយមាននិស្សិតអាចដណ្តើមបានពានរង្វាន់ជាច្រើន។

ការប្រកួតលក្ខណៈអន្តរជាតិ «គំនិតច្នៃប្រឌិត និងការបង្កើតថ្មី នៃផ្នែកវិទ្យាសាស្ត្រវ័យក្មេងអន្តរជាតិ ប្រចាំឆ្នាំ២០១៨» ធ្វើឡើងចាប់ពីថ្ងៃទី១៣-១៥ ខែមេសា ឆ្នាំ២០១៨ នាសាកលវិទ្យាល័យ «ម៉ាឡេស៊ីភឺលីស» ប្រទេសម៉ាឡេស៊ី ដោយមានការចូលរួមពីប្រទេសចំនួន១៦ ក្នុងនោះរួមមាន៖ កម្ពុជា, ហ្វីលីពិន, វៀតណាម, ថៃ, ឡាវ, រ៉ូម៉ានី, កាណាដា, សហរដ្ឋអាមេរិក, ម៉ាកាវ, បង្លាដេស, ឥណ្ឌូនេស៊ី, កូរ៉េខាងត្បូង, ឥណ្ឌា, តៃវ៉ាន់, ហុងកុង, និងចិន ដែលក្នុងនោះការប្រកួតនៃព្រឹត្តការណ៍ដ៏ធំនោះ មាន៤០៨គម្រោងនៃការប្រកួត។

នាឱកាសនៃការវិលត្រឡប់របស់និស្សិតកម្ពុជាចំនួន២៥រូបនោះ លោក ចាន់ មិថុនា អ្នកដឹកនាំនិសិ្សតទៅប្រកួតនៅប្រទេសម៉ាឡេស៊ី បានឲ្យដឹងថា «មូលហេតុដែលសាកលវិទ្យាល័យន័រតុន បានបញ្ជូននិសិ្សតទៅប្រកួតប្រជែងនៅប្រទេសម៉ាឡេស៊ីនោះ ក៏ដោយសារតែសាសកវិទ្យាល័យន័រតុន បានចុះអនុស្សាណៈ (MOU) ជាមួយនឹងសាកលវិទ្យល័យនៅប្រទេសម៉ាឡេស៊ី គឺដើម្បីកិច្ចការស្រាវជ្រាវរបស់និស្សិតកម្ពុជា ដើម្បីអភិវឌ្ឍនូវចំណេះដឹងបន្ថែមរបស់និសិ្សត និងចង់លើកទឹកចិត្តឲ្យនិស្សិតខិតខំស្រាវជ្រាវបន្ថែមទៀត ព្រោះនិសិ្សតនៅប្រទេសកម្ពុជា យើងក៏មិនមែនជានិស្សិត ដែលមានកំរិតចំណេះដឹងទាបនោះទេ ហើយឥឡូវនេះ គឺការចេះដឹងរបស់គាត់ គឺមានកំរិតខ្ពស់ដែលអាចប្រកួតប្រជែងជាលក្ខណៈអន្តរជាតិបានយ៉ាងពិតប្រាកដ»

ចំណែកនិស្សិតតំណាងផ្នែកកុំព្យូទ័រវិទ្យា នៃសាសលវិទ្យាល័យន័រតុន ដែលទើបបានពានរង្វាន់ជូនជាតិបានឲ្យដឹងដែរថា «ថ្ងៃនេះនាងខ្ញុំមានសេចក្ដីសប្បាយរីករាយយ៉ាងខ្លាំង ដែលនាងខ្ញុំបានទទួលបានមេដាយពានមួយ និងមេដាយមាសមួយពីប្រទេសម៉ាឡេស៊ី នៅក្នុងកម្មវិធីវិទ្យាសាស្រ្តវ័យក្មេងឆ្នាំ២០១៨ នៅប្រទេសម៉ាឡេស៊ី ដែលទើបតែបានបញ្ចប់នៅក្នុងពេលប៉ុន្មានថ្ងៃនេះ»

សូមជម្រាបថា សាកលវិទ្យាល័យន័រតុន បានរៀបចំគម្រោងចំនួន៦ ដើម្បីដឹកនាំនិស្សិតកម្ពុជា ទៅប្រកួតប្រជែងជាលក្ខណៈអន្តរជាតិ មានឈ្មោះថា «គំនិតច្នៃប្រឌិត និងការបង្កើតថ្មី នៃផ្នែកវិទ្យាសាស្ត្រវ័យក្មេងអន្តរជាតិ ប្រចាំឆ្នាំ២០១៨» ដែលក្នុងនោះមាន ២គម្រោងមកពីផ្នែកវិស្វ័កម្ម អគ្គិសនី និងអេឡិចត្រូនិច និង៤គម្រោងផ្សេងទៀត មកពីផ្នែកកុំព្យូទ័រវិទ្យា។

លទ្ធផលដែលសាកលវិទ្យាល័យន័រតុន ទទួលជោគជ័យសម្រាប់ខ្លួន និងសង្គមជាតិ នាឱកាសក្នុងការប្រកួតប្រជែងផ្នែកវិទ្យាសាស្ត្រ នៅប្រទេសម៉ាឡេស៊ីរួមមាន៖

* ផ្នែកវិស្វកម្ម អគ្គិសនី និងអេឡិចត្រូនិច

១៖ ប្រព័ន្ធបង់ប្រាក់ឆ្លាតវៃសម្រាប់មធ្យោបាយធ្វើដំណើរសាធារណៈ (Smart Payment for Public Transport) ​ទទួលបានមេដាយ ប្រាក់ចំនួនមួយ
២៖ ឧបករណ៍ពិសោធន៍ ប៉ោលយោលសម្រាប់សិស្សវិទ្យាល័យ (Pendulum Experiment for High School ) ​ទទួលបានមេដាយមាសចំនួនមួយ, មេដាយពិសេសពីសមាគមន៍គំនិតឆ្នៃប្រឌិត នៃបញ្ញាវន្តពិភពលោក និងពានរង្វាន់ពិសេស ពីសមាគមន៍គំនិតឆ្នៃប្រឌិត នៃសាកលវិទ្យាល័យប្រទេសកូរ៉េ។

*ផ្នែកកុំព្យូទ័រវិទ្យាដែលទទួលបាន៖

​គម្រោងទី១៖ «NU Eco Smart FAN» ទទួលបាន៖
* មេដាយមាសលំដាប់ខ្ពស់បំផុត (Double Gold Medal) ចំនួន១
* លិខិតសរសើរល្អជាងគេបំផុតក្នុង Categories Classed E: I.C.T, Multimedia & Telecommunications, Electricity & Electronic ចំនួន១
* ពានរង្វាន់ i-ENVEX 2018 ល្អជាងគេបំផុតចំនួន១ នឹងថវិកាមួយចំនួន

គម្រោងទី២៖ «NU Speech Assistance» ទទួលបាន៖
*មេដាយមាស ( Gold Medal) ចំនួន១ ពីប្រទេសម៉ាឡេស៊ី
* មេដាយមាស ( Gold Medal) ចំនួន១ ពីក្រុមប្រឹក្សាស្រាវជ្រាវជាតិរបស់ប្រទេសថៃ
* លិខិតសរសើរល្អជាងគេបំផុតចំនួន១ ពីក្រុមប្រឹក្សាស្រាវជ្រាវជាតិរបស់ប្រទេសថៃ

គម្រោងទី៣៖ «NU E-Commerce» ទទួលបាន៖
* មេដាយប្រាក់ ( Silver Medal) ចំនួន១ ពីប្រទេសម៉ាឡេស៊ី

គម្រោងទី៤៖ »NU Smart Announcer» ទទួលបាន៖
* មេដាយសំរឹទ្ធ ( Bronze Medal) ចំនួន១ ពីប្រទេសម៉ាឡេស៊ី។

សូមបញ្ជាក់ថា មេដាយទាំង៨គ្រឿង ពាន រួមនិងលិខិសរសើរ ដែលសាកលវិទ្យាល័យន័រតំណាងកម្ពុជា ដែលដណ្តើមបាននៅប្រទេសម៉ាឡេស៊ីនោះ ផ្នែកកុំព្យូទ័រទទួលបាន​មេដាយចំនួន៥គ្រឿង, ប័ណ្ណសរសើរចំនួន២, ពានរង្វាន់ល្អជាងគេបំផុតចំនួន១ នឹងថវិកាមួយចំនួន សម្រាប់ផ្នែកវិស្វ័កម្ម អគ្គិសនី និងអេឡិចត្រូនិចវិញ ទទួលបានមេដាយមាស១គ្រឿង ប្រាក់ចំនួន១គ្រឿង និងមេដាយពិសេស រួមនិងពានផ្សេងៗទៀត៕​