(ភ្នំពេញ)៖ លោកស្រី Ayda Unlu ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញាចិត្តថា នឹងជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-តួកគី ឲ្យបានកាន់តែរឹងមាំ និងល្អប្រសើរ ជាពិសេសលើវិស័យកសិកម្ម។

ការបេ្តជ្ញារបស់លោកស្រី ត្រូវបានធ្វើឡើងក្នុងឱកាស លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតលោកស្រីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨នេះ នៅទីស្តីការក្រសួងកសិកម្ម។ នេះបើតាមការចុះផ្សាយ Facebook ផ្លូវការរបស់លោករដ្ឋមន្ត្រីកសិកម្ម។

លោកស្រីឯករដ្ឋទូតតួកគីបានបញ្ជាក់ថា អំឡុងបេសកកម្មការទូតរបស់លោកស្រី ក្នុងព្រះរាជាណាចក្រកម្ពុជា លោស្រីនឹងខិតខំប្រឹងប្រែងឲ្យអស់លទ្ធភាពធ្វើយ៉ាងណាពង្រឹង និងពង្រីកចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឲ្យបានកាន់តែរឹងមាំ និងល្អប្រសើរ ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម។

លោកស្រីឯកអគ្គរដ្ឋទូត ក៏បានកោតសរសើរ ចំពោះការអភិវឌ្ឍវិស័យកសិកម្ម ដែលក្រសួងកសិកម្មសម្រេចបាន និងជាពិសេសការថែរក្សាបាននូវសុខសន្តិភាព និងអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា។

នាឱកាសនោះ លោករដ្ឋមន្រ្តី វេង សាខុន បានសម្តែងនូវទឹកចិត្តស្វាគមន៍ និងសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋតួកគី ដែលបានជួយគាំទ្រ និងជំរុញឲ្យមានកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរ ហើយសង្ឃឹមនិងជឿជាក់ថា ឯកសារស្តីពីអនុស្សរណៈនៃការយោគយល់គ្នា (MOU) នឹងត្រូវបានចុះហត្ថលេខា ក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅចូលរួមក្នុងសនិ្នសីទនៃសហភាពអឺរ៉ុប នៅទីក្រុងអ៊ីស្តង់ប៊ូល ក្នុងអំឡុងខែតុលាខាងមុខ។

លោករដ្ឋមន្ត្រី វេង សាខុន បានបញ្ជាក់បន្ថែមថា លោកសង្ឃឹម និងជឿជាក់ថា រដ្ឋាភិបាលនៃសាធារណរដ្ឋតួកគី នឹងផ្តល់ការគាំទ្រ និងជួយប្រទេសកម្ពុជាទាំងផ្នែកនយោបាយ បច្ចេកទេស និងការទូត ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសមួយនេះ ឲ្យឈានទៅសម្រេចនូវគោលដៅ ថាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងសូមជូនពរលោកស្រីឯកអគ្គរដ្ឋទូត ទទួលបានសេចក្តីសុខ ចម្រើន និងជោគជ័យ ក្នុងឱកាសបំពេញបេសកកម្មការងារការទូត ក្នុងព្រះរាជាណាចក្រកម្ពុជា៕